Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី៨

ការដែលពិតនោះ សូផាតមិនមែនស្លាប់ទេ ខ្មោចលង់ទឹកដែលគេរើសបានគឺមនុស្សដទៃព្រួយពីរឿងផេ្សងៗលោតទឹកសម្លាប់ខ្លួនបង់ ។ លោកអធិបតីសេនា នឹងគ្រួសារលោកទាំងអស់មើលខ្មោចនោះមិនយល់ ដោយវាហើមខ្លាំងពេកណាស់ ។
សូផាតដែលរត់ចេញពីផ្ទះលោកអធិបតីសេនា ដើរតម្រង់តាមផ្លូវកំពតទើបរត់តត្រុកតាមវាលស្រែ ចូលទៅក្នុងភូមិថ្ម។ គឺនោះលុះដោយអារម្មណ៍នាំឱ្យព្រួយចិត្ដខ្លាំង សូផាតភាំងវិញ្ញាណ វល់គំនិតគិតអ្វីមិនលេច ទទួលដើរមកដល់ផ្ទះមេស្រុក សុខ ក៏ចូលទៅ ។
មេស្រុកសួរថា
  អ្នកឯងមករកអ្វី ?
  សូមសំណាក់នឹងលោក !
  អ្នកឈ្មោះអ្វី ? ធ្វើការរកស៊ីអ្វី ?
  បាទ បាទ ឈ្មោះ ផនស៊ី រកទទួលទានធ្វើជំនួញ ។ ក្នុងវេលាឆ្នាំនេះ ខ្ញុំបាទជួញខាតប្រាក់អស់កេរ្ដិ៍ពីឪពុកម្ដាយ ។ ជាការណ៍នាំឱ្យកើតវិតក្កក្ដុកក្ដួលក្នុងចិត្ដរត់ចោលស្រុក មកសូមសំណាក់នឹងលោកបណ្ដោះអាសន្នសិន ។ ខ្ញុំបាទមានចំណេះវិជ្ជាបនិ្ដចបន្ដួចនឹងសូមជួយលំហែកម្លាំងលោក ទំរាំតែខ្ញុំបាទបានស្បើយពីទុក្ខ នឹងលាលោកត្រឡប់ទៅស្រុកវិញ ។
មេស្រុក សុខមើលមុខ ផនស៊ី យល់ថាមានទុក្ខព្រួយមែន ទើប និយាយថា
  មានអី ! ប៉ុន្ដែអ្នកឯងកាន់គំនិតឱ្យត្រឹមត្រូវ មេស្រុកសុខ មិន បានជឿជាក់ចិត្ដ ផនស៊ី ទេ ។
តាំងពីថ្ងៃដែល សូផាតមកនៅជួយធ្វើការមេស្រុក សុខ មេស្រុក សុខពោលសរសើរប្រាជ្ញាថ្លារបស់ស្មៀនថ្មីមិនចេះដាច់ពីមាត់ ។ លុះរំលងយូរបនិ្ដចមកមេស្រុកកាន់តែទុកចិត្ដស្មៀននោះឡើង ។ វេលាស្ងាត់ មេស្រុកនិយាយទៅកាន់ប្រពន្ធ
  ភាណ ! ពីដើម អញស្មានថា ផនស៊ី ជាមនុស្សអាវ៉ាសែ ដែលអញព្រមឱ្យនៅជាមួយអញប្រុងតែនឹងស្ទាបចាប់រឿងអ្វីមួយ នឹងបញ្ចូន ខ្លួនវាយកទៅជូនលោកចៅហ្វាយស្រុកឥឡូវមកឃើញជាក់ថា វាជាមនុស្សមានចំណេះវិជ្ជាច្រើន មានកិរិយាល្អឥឥឃ្នើសបើនឹងនិយាយស្ដីពីអ្វីៗមានពាក្យពិរោះណាស់ ។
  ចា៎ ! ប៉ុន្ដែ ខ្មុំសេីុបសួរពីស្រុកទេស មិនព្រមប្រាប់សោះ ។
  អើ ! វាមិនបាច់លាក់នឹងអញទេ អញដឹងហើយ វាមិនមែនជាអ្នក ស្រែចំការទេ ពិតជាអ្នកក្រុង សម្ដីចេញមកទាំងប៉ុន្មានគឺជាសម្ដីកូនអ្នកមានពូជ ។
វេលាដែលប្ដីប្រពន្ធកំពុងជជែកគ្នាពីរឿងស្មៀនថ្មី ស្រាប់តែគេយក សំបុត្រមួយមកឱ្យ។ មេស្រុកមើលសំបុត្រចប់ទើបនិយាយថា
  វ៊ីយ ! លោកអធិបតីសេនា លោកអញ្ជើញមកលេងនឹងយើងក្នុងវេលាថ្ងៃស្អែក លោកស្រី កូនស្រីលោកនិងអ្នកដណ្ដឹងកូនស្រីលោកក៏មកដែរ គួរយើងរៀបទទួលលោកឱ្យអ៊ឹកធឹក ។
ពេលនោះ អ្នកក្លែងឈ្មោះថា ផនស៊ីចូលមក ។​ លោកមេស្រុក និយាយប្រាប់គ្រប់ពីដំណឹងលោកអធិបតិសេនា​ និងអញ្ជើញមកលេង ។
សូផាត ភ្ញាក់ខ្លួន មិនមាននិយាយស្រដីអ្វី ។ លោកមេស្រុកនិយាយទៀតថា៖
  ផនស៊ី ! មេ្ដចឯងនៅស្ងៀម ប្រែទឹកមុខយ៉ាងនេះ?
  បាទទេ រវល់តែគិតវែងឆ្ងាយ ការទទួលនាម៊ឺនធំមិនជាការងាយ ទេ តោងតែគិតឱ្យច្រើន តើត្រូវមានអ្វីៗខ្លះ​? របៀបរៀបចំយ៉ាងដូចមេ្ដចខ្លះ? លោកអញ្ជើញមកលេងក្នុងស្រុកយើងម្ដង តោងយើងរៀបឱ្យពេញមុខលោក ។
  ត្រូវមែនហើយ
ទើបកេះប្រពន្ធ ឯងស្ដាប់ចុះអញថាវាវៃណាស់
លុះស្អែកឡើង ពេលព្រលឹមនៅផ្ទះលោកមេស្រុក សុខភូមិថ្ម ប្រដាប់របៀបទទួលលោកភួឈួយកុង្សីយ៍រៀបហើយសេ្រច មានរបៀបលំនាំ ល្អលើសលែងរបៀបមេស្រុកៗស្រែទាំងពួង ។ ទាំងមេស្រុក ទាំងកូនស្រុកសឹង សរសើរដៃអ្នករៀបចំ ...គឺ ផនស៊ី។
ហេតុដូចមេ្ដចបានជាលោកអធិបតិអញ្ជើញមកឃុំថ្ម ?
   ១- ពីព្រោះលោកធ្លាប់រាប់អាន ស្គាល់មេស្រុង សុខជាយូរមក ហើយ ។
   ២- ពីព្រោះលោកចង់រំហែទុក្ខសោក ស្ដាយកូនលោក ដែល ទទួលអនិច្ចកម្មក្នុងទឹក ។
   ៣- ពីព្រោះនាង ម៉ានយ៉ានអផ្សុកកើតទុក្ខពេកណាស់ មិន ចេះអស់ចិត្ដពី សូផាតអង្វរឪពុកឱ្យជូនមកបន្លប់ទុក្ខឯស្រុកស្រែ
លុះដល់ពេលលោកបិណ្ឌបាត លោកធអិបតីសេនា និងគ្រួសារ លោកអញ្ជើញមកដល់ ។ មេស្រុក សុខនិងរាស្ដ្រជាច្រើននាក់ រត់ច្រវាត់ទៅធ្វើបដិសណ្ឋារៈរាក់ទាក់ចំពោះភ្ញៀវ ដោយសេចក្ដីគួរសម ។
លោកអធិបតី ទទួលសាមគ្គី សាមគ្គា នឹងអ្នកស្រុកទាំងអស់ ទើបអញ្ជើញឡើងទៅលើផ្ទះ ។
លោកមេស្រុក សុខក្រឡេកមើលទៅក្នុងហ្វូងមនុស្សទាំងអស់ មិន ឃើញ ផនស៊ី ទើបសួរទៅប្រពន្ឋថា
  ឯងឃើញ ផនស៊ី ទេ? មេ្ដចវាមិនមក សំពះលោក
  ចា៎ មិនបានឃើញវាតាំងពីព្រលឹមម្ល៉េះ
ជំទប់ សួស នៅជិតនោះឆ្លើយតបថា
  ជំរាបលោក ផនស៊ី វា ប្រាប់ពីព្រលឹមថា វាមិនស្រួលខ្លួនឥឡូវទៅសម្រាកកម្លាំងទៅហើយ។
លោកអធិបតីសេនា សួរថា
  កូនលោកមេស្រុកឬ ?
  ទានប្រោសទេវាជាស្មៀន​ ព្រះបាទស្រឡាញ់វាដូចកូនបង្កើត ។
  ឱ្យគ្នាសម្រាកកម្លាំងទៅចុះ
ផនស៊ី ធ្វើពុតជាឈឺនិយាយប្រាប់ជំទប់ សួស គ្រាន់តែជាការងាយ គេចវេសពីទីជំនុំទេ ។
កាលណាភ្ញៀវមេស្រុក សុខ បរិភោគអាហាសេ្រច អ្នកទាំងអស់គ្នា និយាយ នាំពាក្យពីការផេ្សងៗកំសាន្តលេងសប្បាយ ។ អ្នកភ្នំពេញ និយាយពី របៀបរាជការរៀបចំទីក្រុង និងប្រសាសនយោបាយក្នុងលោកសន្និវាសនេះ ។ អ្នកស្រែកនិយាយពីផលានុផល ក្នុងស្រុកនេះនិងកសិកម្មរបស់ខ្លួន និយាយពីទឹកជំនន់ នឹងទឹកភ្លៀងក្នុងរដូវឆ្នាំថ្មី ហើយគ្មានភេ្លចសោះទេកិច្ចទាក់ទងធម្មជាតិទាំងឡាយ និងសាសនា ។
បនិ្ដចភ្ញៀវនាំគ្នាចុះពីលើផ្ទះ ដើរលេងបែកគ្នានៅជិតខាងភូមិ ។
ម៉ានយ៉ានដើរតែម្នាក់ឯង តម្រង់ទៅឯវាលស្រែ ។ នាងសប្បាយនឹងអាកាសទូលាយ ស្រែ នឹងគុម្ពស្រូវខៀវស្រងាត់ នឹង សត្វយំទំនៅគុម្ពប្ញស្សី ដើមត្នោតដុះត្រង់ភ្លឹងសន្ធឹងទៅលើមេឃ ត្រូវជំនោរ ខ្យល់បក់មកម្ដងៗ សូរស្លឹកចាស់ៗរណ្ដំគ្នាច្រាវៗ ខ្លះជ្រុះចាកដល់ដី ឯស្លឹកខ្ចីក៏មានជ្រុះខ្លះដែរ គួរឱ្យវិវេកពេកណាស់ នឹងអាណោចអាធ័មដល់បុគ្គលដែលនៅជាបឋមវ័យនៅឡើយ ហើយមិនគួរនឹងមកដាច់ជិវិតសូន្យសុងក្នុងទឹកទនេ្ល មេគង្គ ។ ទឹកភ្នែកស្រក់តក់ពីភ្នែកនាង ។
នាងយកកូនកន្សែងមួយទ្រាប់អង្គុយក្រោមម្លប់ត្រឈៃនៃគុម្ពឬស្សី ដៃមួយទ្រចង្កាងើយឡើងលើប្រឹងសម្លឹងមេឃ ដៃមួយទៀតនាងតោងឈើនៅជិតនេះហាក់ទប់អាត្មានាងកុំឱ្យអណ្ដែត្រសែតតាមគំនិតនាងទៅលើអាកាសវេ ហាស៍ដែលកល្យាណនាងមើលទៅឃើញទូលាយ ឆ្ងាយអនេកពេកពីពសុធា ដែលនាងនារីទីពឹងនៅ ... សំណាង លបលួចដើរតាមនាង ។ លុះមកឃើញនាងអង្គុយស្ងប់ ស្ងាត់តែម្នាក់ឯង ក៏ម្នីម្នាដើរទៅជិត ។
នាងភ្ញាក់ព្រើត ។ សំណាងនិយាយ !
  នាង ! ស្រុកស្រែដែលស្ងាត់យ៉ាងនេះ កោតតែមនុស្សគេចេះរស់កើតដែរ ! បើជាបងវិញបងមិនចេះនៅស្ថិតសេ្ថរចីរកាលយូរ លង់ទេ !
នាងឥតស្ដីអ្វីមួយម៉ាត់ ។ សំណាង និយាយទៀតថា
មើលទៅនាងហាក់អផ្សុកណាស់
  ចា៎ ! ខ្ញុំសប្បាយណាស់ ។
សំណាងឮពាក្យមួយម៉ាត់នេះពិរោះដូចសៀងសូរ្យតន្ដ្រី ទើបប្រែ សម្ដី
  នាង ! គឺបុណ្យពេ្រងយើងពីមុនមក កសាងចូលគ្នាច្រើនណាស់ ទើបជាតិ នេះ យើងនិងបានជួបគ្នាជាគូគាប់ចិត្ដតទៅ
សំណាងរង់ចាំមួយស្របក់ពុំឮនាងឆ្លើយ ទើបញញឹមប៉ប្រឹមខិត ចូលជិតនិយាយទៀតថា
  អូន ! យើងនឹងបានជួបគ្នាជាគូមូលមិត្ដមេត្រី បើអូន ពុំយល់អ្វីសូមនាងមេត្ដាឱ្យបងសូមថើបភក្ដ្រនួនអ្នកយ៉ាងស្ម័គ្រស្មោះ...
និយាយ ហើយក៏លោទៅ ។ នាងច្រាន
  ធ្វើមេ្ដចដូច្នេះ ពិតមែនតែឪពុកម្ដាយខ្ញុំឱ្យខ្ញុំទៅអ្នក ប៉ុន្ដែយើងមិនទាន់រៀបអាពាហ៍ពិពាហ៍នឹងគ្នាទេ យើងនៅស្រុកខែ្មរតោងតែកាន់ទំនៀមទំលាប់ខែ្មរ។
នាងដើរចេញ ។ សំណាង ដើរតាមដែរ ។ នាងចេញផុតពីគុម្ពប្ញស្សី ស្រាប់តែឃើញ សូផាត នៅបង្កើយជិតនោះ ។ នាងស្រែកថា
  បង សូផាត ! បង សូផាត! សូផាត
ឈរត្រង់ខ្លួន បើកភ្នែកធំៗ ។ ដោយនាងស្មានថាជាខ្មោច សូផាត លងក្បាលនាងឡើងព្រឺ នាងខ្ទប់មុខមិនហ៊ានមើលខ្មោចលង ហើយដួលស្រ៊ុបលើដី ។
សូផាត គេចបាត់ពីទីនោះភ្លាម ។ សំណាងរត់ទៅហៅអ្នកស្រុក ! ស្ទុះឆោឡោមក នាងដឹងខ្លួន និយាយពាក្យរវើរវាយ
  បង សូផាតខ្ញុំឃើញខ្មោចបង សូផាត មកលងខ្ញុំអម្បាញ់មិញ !
កាលដែលនាងក្រឡេកឃើញ សូផាតនាងស្មានថាជាខ្មោច សូផាត មកលងនាង ។ ដោយនាងរលឹកណាស់ភ្លាត់មាត់ហៅឈេ្មាះភ្លាម ប៉ុន្ដែដល់មក នឹកឃើញថាជាខេ្មាច សេចក្ដីខ្លាចមកពញ្ញាក់នាងឱ្យភ័យដួលមួយរំពេច ។
លោកអធិបតីសេនាមកគ្រាហ៍កូន បង្គាប់ឱ្យអ្នកស្រុកយកអង្ករ ១ក្ដាប់មកជូនលោក ទើបលោកបានហើយមានប្រសាសន៍ខ្លាំង
  សូផាត! បើឯងចាកស្ថានទៅហើយ កុំមកលេងពញ្ញាក់ប្អូនអី យកអង្ករនេះទៅ ទៅឱ្យឆ្ងាយ ពីយើងទៅ បើឃ្លានណាស់សឹមយើងសែនឱ្យស៊ី។
ម៉ានយ៉ាន នៅតែទនេ្ទញ សូផាត ! សូផាត! បង សូផាត !
លោកអធិបតីភ័យជាខ្លាំង បបួលប្រពន្ធកូនលោកមេស្រុក សុខ វិល ត្រឡប់ទៅភ្នំពេញវិញ ។
នៅក្នុងភូមិថ្ម គេបាត់ដំណឹងសូន្យពី ផនស៊ី តាំងតែពីថ្ងៃទទួលលោក នាម៊ឺនធំ ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)