Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី៤

សូផាត ដែលនៅសំណាក់ក្នុងផ្ទះលោកអធិការសេនា កាន់កិរិយាមារយាទល្អត្រឹមត្រូវ បម្រើគាប់ចិត្ដលោកណាស់ ។ លោកក៏ទំនុក បំរុងឱ្យរៀន សូត្រជាមួយនឹងកូនលោកដែរ ។
កុមារទាំងពីរដែលបានមកសេពគប់នឹងគ្នា យ៉ាងស្និទ្ធស្នាលដូចនេះ ក៏សម្លឹងមើលចិត្ដគ្នាទៅវិញទៅមករឹងរឹតតែឆ្លុះធ្លាយខ្លាំងណាស់ទៅទៀត ។ ណារិន មានអស្ចារ្យនិងសម្តីមិត្ដរបស់ខ្លួន បើនឹងពោលពាក្យអ្វីសេចក្ដីសមមិនឃ្លាតឆ្ងាយពីមាត់សោះ ។ ណារិន ដែលធ្លាប់តែខិ្ជលច្រអូលក្នុងការរៀនសូត្រ មកកោតសរសើរសេចក្ដីព្យាយាមរបស់មិត្ដខ្លួន ដែលមើលទៅឃើញមាំពេកណាស់ ។ ណារិន ដែលធ្លាប់តែកើតទោសនឹងគេរឿយៗតែងសរសើរ សូផាត ដែលចេះធ្វើឱ្យមិត្ដរៀនសូត្រគ្រប់ៗគ្នាស្រឡាញ់រាប់អានទាំងអស់ គេស្រឡាញ់ដល់ទៅខ្លួនណារិនផង ។ មិនយូរប៉ុន្មាន ណារិនក៏កាន់កិរិយា បានជាកេ្មងល្អត្រឹមត្រូវដូច សូផាត។​ សេពគប់ល្អជាកិច្ចគួរប្រតិបតិ្ដណាស់
មានមួយថ្ងៃ ជាថ្ងៃអាទិត្យ លោកអធិកាសេនាត្រូវទទួលគ្រួសារមិត្ដ លោកមកកំសាន្ដ នៅគេហស្ថានលោក ។ វេលាដែលចាស់កំពុងនិយាយរាក់ទាក់លេងក្នុងបន្ទប់ទទួលភ្ញៀវកេ្មងៗចំនួនបួន ប្រាំនាក់បង្កើតល្បែងលេងនៅទីសួនគ្រប់គ្នា ។
ណារិនមិនបានលេងនឹងគេទេ ការរបស់ខ្លួនឃាត់នៅក្នុងផ្ទះជាមួយ នឹងចាស់ៗ ។ សូផាត ដែលសកិ្ដទាបជាងគេមិនហ៊ានលេងនឹងគេទេអ្នកធ្វើការរបស់ អ្នកដែលអ្នកធ្លាប់តែធ្វើគ្រប់តែថ្ងៃឈប់រៀន គឺមើលថែទាំងសួនច្បារ ។ កូនកេ្មងដែលលេងទាំងប៉ុន្មានមានសម្លៀកបំពាក់ល្អៗណាស់ ។ បាវ ស្រី ប្រុស បី បួននាក់ ថែរក្សាប្រុងប្រយ័ត្នខ្លាចគ្រោះមានអី្វមក ទង្គិចកូនចៅ ហ្វាយនាយរបស់ខ្លួន ។
គួរឱ្យសប្បាយណាស់ ស័ព្ទសន្លឹកគឺកកងរំពងដែលគេលេងនោះ គេស្រែកខ្ញៀវខ្ញារ សើចទ្រហឹងអឹងកងរត់ច្រវាត់ទៅមក ។ សូផាតឥតមានចិត្ដចង់លេងនឹងគេទេ ពីព្រោះអ្នកដឹងថាខ្លួនអ្នកមិនដូចខ្លួនគេទេ ពីព្រោះអ្នកដឹងទៀតថា ពេលនេះមិនមែនជាពេល អ្នកត្រូវលេងទេ ។ អ្នកប្រឹងតែដងទឹកស្រោចដំណាំ លុះស្រោចរួចយកចបកាប់មកតម្រឹមផ្លូវបែកញើសខ្ចាចចេញពីគ្រប់រោមហូរដាបពេញទាំងខ្នង ទាំងដៃ ទាំងជើង ទាំងមុខមាត់, អ្នកមិនមែនឥតសប្បាយទេ អ្នកសប្បាយនឹងឃើញករណីយកិច្ច របស់អ្នកបានបំពេញយ៉ាងគ្រប់គ្រាន់អ្នកសប្បាយនឹងឃើញថាញើសដែលចេញ ពីសព៌ាង្គកាយអ្នកមិនមែនចេញឥតប្រយោជន៍ទេ ។
គ្រានេះ កេ្មងម្នាក់ក្រឡេកឃើញ សូ​ ផាតដែលស្លៀកក្រមារុំ សឹងតែមិនជិតពាក់កណ្ដាលខ្លួនញើសកក្អៀច គួរធុំក្លិនស្អុយ ឆ្អេះណាស់ហើយមានភាពជាមនុស្សទាបថោកក៏យកដុំដីដុំគ្រួសចោល សូផាតលេងជាល្បែងចោលរួចកេះមិត្ដទាំងអស់ឱ្យមើល ។ កេ្មងទាំងអស់ទះដៃសើច ។ សូផាត ស្រែកប្រាប់ថា
  កុំចោល ឈឺណាស់ ។
កេ្មងទាំងអស់មិនព្រមស្ដាប់ រឹតតែនាំគ្នាគប់ច្រើនឡើងៗ ហើយរឹតតែទះដៃ ហ៊េាខ្លាំងណាស់ ទៅទៀត ។ សូផាត ទ្រាំមិនបាន ស្ទុះដេញកំឡាកេ្មងទាំងនោះចេញ ។ និយាយ ពីបាវព្រាវបីបួននាក់លុះក្រឡេកឃើញ សូផាត ដេញកូនចៅហ្វាយរបស់ខ្លួន ក៏ព្រួតគ្នាចាប់ សូផាត វាយយកខ្សែមកចងបំណងនឹងនាំយកទៅជំរាបចៅហ្វាយខ្លួន ។
សូផាត ហើបមាត់នឹងពន្យល់ការណ៍គេ តាមដំណើរទំនងពុំបាន តែហាមាត់ភ្លាមគេទះកំភ្លៀងភ្លាម ។ បាវម្នាក់និយាយថា
  អាតបនឹងកូនលោកឬ ?
បាវម្នាក់ទៀតនិយាយថា
  អាស្គាល់កូនលោកទេ ?
ឱ ! គួរឱ្យអាសូរ សូផាត ណាស់ ! ឈឺខ្លួនចង់ប្រាប់សេចក្ដីឱ្យគេដឹង ប៉ុន្ដែ គេមិនចង់ដឹងសេចក្ដីពិតនោះសោះ ពីព្រោះសេចក្ដីយោគយល់បុណ្យសកិ្ដបង្កើតជាមោហៈដល់អ្នកឥតមេត្ដាទាំងនេះទៅហើយ ។ នៅលោកនេះ មនុស្សក្រទាំងពួងច្រើនតែត្រូវគេមើលងាយ មនុស្សតូចកើតទោសៈនិងមនុស្សធំ ។
នាង ម៉ានយ៉ាន កំពុងដេរនៅទីមួយ លុះក្រឡេកឃើញគេវាយ សូផាត ហើយចាប់ចងក៏ស្ទុះពីចម្ងាយមកស្រែកទៅបាវព្រាវទាំងអស់ថា
  ឈប់សិនស្រាយចេញ ! ទោសនេះសមតែគេចងអ្នកទាំងអស់គ្នាវិញទេ គឹ យ៉ាងហ្នឹងហើយ ឬដែលគេប្រើឱ្យអ្នកឯងមើលកូនគេ? ថាកេ្មងចុះវាខូចចំណែកអ្នកឯងចាស់មេ្ដចក៏ធ្វើខូចដែរ
បាវព្រាវទាំងអស់ខ្លាចនាង ក៏ស្រាយចំណង សូផាត ចេញ ។ ម្នាក់និយាយថា
  នាងទាំងអស់ទេតើចោទវាមុន
ម្នាក់ទៀត
  វាបានហាមច្រើនដងដែរ
អ្នកទីបី
  វាគ្រាន់តែដេញទេ
សូផាត រួចពីចំណងញញឹមដើរចេញ ។ ម៉ានយ៉ាន និយាយថា
  បង សូផាត អញ្ជើញទៅងូតទឹកទៅ អ្នកណាប្រើបងឱ្យមក ធ្វើសួនទាំងថ្ងៃយ៉ាងនេះ ?
អ្នកណាមួយឈ្មោះ​ ម៉ានយ៉ាន?​ នាង ម៉ានយ៉ាន ជាបងស្រីបង្កើតរបស់ ណារិន នាងរាប់អាន សូផាតណាស់ ហើយ សូផាត នេះជាសម្លាញ់របស់ប្អូននាង។ ឥរិយាបទប្រព្រឹត្ដ របស់ សូផាតទាំងប៉ុន្មានត្រូវពេញលេញក្នុងចិត្ដនាង ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)