លុះព្រឹកព្រហាមកាលណាឡើង ព្រះសុរិយារុងរៀងរះត្រចះត្រចង់ លើមេឃាចោលពន្លឺព្រោងព្រាតលើក្រុងភ្នំពេញដែលកំពុងភ្ញាក់ពីនិទ្រា មនុស្សម្នាដើរដេរដាសពាសពេញទាំងផ្លូវថ្នល់ រទេះគ្រប់បែបបរបើកកក្រើកដី ។ នៅផ្ទះលោកអធិបតីសេនាកើតចលាចលគេផ្អើលរត់រកសូផាតដែលបាត់ទាំងកណ្ដាលយប់ ។ លោកស្រីមានប្រសាសន៍ថា
វាមិនដែលដើរចេញទៅណាពីព្រលឹមទេ !
បើដូច្នេះមានតែវារត់ចេញពីនេះ
ចុះមានពីណាធ្វើវាឱ្យទាស់ចិត្ដ ល្មមនឹងឱ្យវារត់ចេញពីផ្ទះយើង ?
បនិ្ដច ណារិន ស្ទុះចេញពីបន្ទប់ សូផាត មកកាន់សំបុត្រមួយនៅដៃ
លោកប៉ា ! រើសបានសំបុត្រមួយនៅក្នុងបន្ទប់សម្លាញ់
លោកអធិបតីមើលឃើញសរសេរនៅខ្នងសំបុត្រ សូមជូនមកលោកអ្នកមានគុណលើខ្លួន លោកបើកសំបុត្រមើល
សូមជំរាបជូនដំណឹងមកដល់លោក-អ្នក សូមទានជ្រាប៖
ពេលដែល លោក អ្នកនាង បើកសំបុត្រនេះមើល ខ្លួនឃ្លាតឆ្ងាយពីនេះទៅហើយ ។ ហេតុដែលនាំឱ្យបាទចាកចេញចោលទីកន្លែងលោក-អ្នក ដែលតែងតែអាណិតអាសូរ សូមលោក-
អ្នកកុំគិតស្មានថា ខ្ញុំបាទតូចចិត្ដអាក់អន់អ្វីនឹងលោក-អ្នកទាំងអស់ ។ លោក-អ្នកជាឪពុកជាម្ដាយចិញ្ចឹម ដែលចងចិត្ដគោរព រាល់យប់ថ្ងៃឥតបីសល់ពេលវេលាណា ។
ខ្លួនបាទ មិនបានដឹងជារស់ឬស្លាប់ទេ សូមទានជ្រាប ណារិន ផងថា ខ្ញុំបាទបើ នឹងស្លាប់នឹងរស់ជាចិត្ដមេត្រីបានចងជាប់ក្នុងថ្លើមប្រម៉ាត់ហើយ ចំណែក ម៉ានយ៉ានដែលមានគុណលើ ́យល់ទោសកំហុសរបស់ខ្ញុំទាំងអស់ដែលហ៊ានលបលួចមេត្រីនាង ដែលមានគុណលើដែលរាប់អានដោយស្មោះត្រង់ ។ ទោសទាំងប៉ុន្មាន សូមលាងឱ្យជ្រះក្នុងវេលាថ្ងៃនេះ ។
មុននឹងបព្ចាប់ សំបុត្រនេះ, សូមលើកករវន្ទាបង្គំដល់គុណបុណ្យព្រះភគវន្ដមុនី សូមឱ្យលោកជួយ លោក-អ្នកនាងទាំងអស់ឱ្យបានសេចក្ដីចំរើនគ្រប់ប្រការ ។
វេលាដែលមើលសំបុត្រចប់កាលណា លោកអធិបតីសេនាធ្លាក់សំបុត្រ ពីដៃញ័រញាក់ទាំងខ្លួន ទឹកភ្នែកហូរចេញមកមួយរំពេចរកនិយាយពាក្យអ្វីមិន ចេញ ។ លោកស្រី ណារិន ម៉ានយ៉ាន សឹងតែយកកន្សែងមួយម្នាក់ជូតទឹកភ្នែករៀងខ្លួន !
ព្រះបាទ !
ប្រាប់ទៅអ្នកបររទេះឡាន ឱ្យវារៀបខ្លួនជូនអញទៅក្រសួងសម្ងាត់ ។
ព្រះបាទ ចៅ ជ័យ រត់ចុះដីភ្លាម ។
លោកប្រុសទៅរៀបខ្លួន ទើបអញ្ជើញចុះទៅដី ។ បនិ្ដចឡានបើកចេញទៅក្រៅផ្ទះ ។ លុះ ពីរ បី ម៉េាងក្រោយមក លោកអញ្ជើញ មកដល់ផ្ទះវិញ និយាយ ប្រាប់ទៅប្រពន្ធកូនវិញថា
អញឱ្យក្រសួងសម្ងាត់គេធ្វើទូរលេខទៅគ្រប់ប៉ុស្ដិ៍ឱ្យ ឃាត់ដំណើរ សូផាតហើយ
លោកស្រី សូមឱ្យគេរកឃើញទៅលោក !
ណារិន ឱ្យសម្លាញ់ ត្រឡប់មកវិញទៅលោក !
ម៉ានយ៉ាន គុណបុណ្យអើយជួយ !
គ្រួសារលោកអធិបតីសេនា ប្រុងតែស្ដាប់ដំណឹងពី សូផាត។ លុះមួយអាទិត្យក្រោយមក បុគ្គលិកក្រុមព្រះនគរបាលចូលមកក្នុងផ្ទះ មកជំរាបលោកថា រាជការទើបនឹងបានរើសខ្មោចទឹកមួយ ខ្មោចកេ្មងកម្លោះអាយុ ប្រហែល ២០នាំ ឥតឃើញមានសំបុត្រសំគាល់អ្វីនៅខ្លួនទេ រាជការបានស្មាន ថាជាខ្មោចឈ្មោះ សូផាត រត់ចេញពីផ្ទះព្រះតេជគុណ ។
លោកអធិបតីសេនាឮតែប៉ុណ្ណោះទន់ខ្លួនហាក់បាត់ស្មារតី ។ លោកស្រីស្រែកទ្រហោយំ ។ ណារិនខ្មៅមុខអែ រត់ទៅពួនយំ ។ ម៉ានយ៉ានងងឹតមុខជ្រុប ស្ទុះទៅក្នុងបន្ទប់ ដណ្ដប់ភួយទ្រហោយំ តែម្នាក់ឯង ។
បុគ្គលិកក្រុមព្រះនគរបាល លាទៅមន្ទីរគេវិញ ។
កំដរទាំងប៉ុន្មាន លុះឮដំណឹងគ្រប់គ្នា ស្ទុះមកយំទ្រហឹងអឺងកង រំពងពេញទាំងផ្ទះ ។ គួរឱ្យអាណាចអាធ័មណាស់ !
ក្រោយមកលោកអធិបតីសេនា និងគ្រួសារលោកនាំគ្នាយកខ្មោចនោះមកធ្វើបុណ្យដុតដារកាន់ទុក្ខសព្វៗខ្លួន ។
លោកអធិបតីនិយាយទៅប្រពន្ធ
អូន ! កម្មបងអ្វីក៏ម្ល៉េះ ! ប្អូនឯងឥតកូនមួយសោះ វេលាដែលបងបានដឹង សូផាត នេះជាកូនរបស់បង បងអរ ខ្លាំងណាស់ទទួលកម្មអ្វីមកបម្រាសចេញវិញ ។ ឱ ! ស្ដាយតែពុំបានធ្វើឱ្យគ្នាដឹងខ្លួនថាបងនេះជាឪពុក។ អាណិតតែកម្សត់ត្រមោចឯកានៅស្រុកស្រែ រួចខំតាមរកបងនៅភ្នំពេញ ។
អ្នកបងមិនគួរបិទបាំងការស្វែងរករបស់គ្នាទេ ។
អូនអើយ ! នេះគឺបងស្រឡាញ់កូន បងមិនចង់ប្រាប់ឱ្យវាដឹងភ្លាមថាបងនេះជាឪពុក ពីព្រោះបងមិនចង់ឱ្យវាអាងថាខ្លួនវាមានឪពុកជាអ្នកធំ អ្នកមាន ហើយបោះបង់ការរៀនសូត្រចេញ ។ បងចង់ឱ្យតែវាដឹងថា ខ្លួនវាជាកូនកំព្រា គឺកម្សត់ខ្លាំងហើយគេយកមកទំនុកបម្រុងតែនឹងប្រាប់វាដែរ នេះគឺអកុសលរបស់វា ! ... បុណ្យកសាងមកតិចពីអតីតជាតិមក ...
អ្នកបង លាក់បាំងអ្វីបម្រុងតែនឹងផ្សំវានឹង ម៉ានយ៉ាន ដែរ ។
និយាយពី ណារិន វិញ អ្នកកើតទុក្ខបរិភោគអ្វីសឹងតែពុំបាន ។ ពេល ដំណេកពេលរៀន អ្នកស្រមៃឃើញតែមុខសម្លាញ់អ្នក ។
ចំណែកនាង ម៉ានយ៉ាននាងព្រួយប្រាណលើសអ្នកទាំងអស់ នាងគិតថា សូផាតលោតទឹកស្លាប់គឺពីព្រោះនាង ។ សូផាត ស្រឡាញ់នាងពិត គួរស្ដាយរូប និងឥរិយាបថអ្នកប្រុសណាស់ ។ រាល់តែថ្ងៃ រាល់តែយប់ នាងយំ សោកសងេ្រងសង្រៃអាល័យអាឡោះអ្នកប្រុសថ្លៃ ដែលប្រល័យខ្លួបបង់ ពីព្រោះតែកំហុសរបស់នាង ។
រំលងយូរមក មានកូនអ្នកមានម្នាក់ឈ្មោះ សំណាងចូលមកដណ្ដឹង នាង ម៉ានយ៉ាន។ លោកអធិបតីក៏ពុំយល់ទាស់ ប្រពន្ធលោកក៏ព្រមឱ្យប៉ុន្ដែ ម៉ានយ៉ាននិយាយអង្វរចិត្ដឪពុកម្ដាយចិពញ្ចឹមឱ្យបង្អង់សិន ។ នាងគ្មានចិត្ដគិតដល់ប្រុសដទៃក្រៅអំពីខ្មោចលង់ទឹកសោះ ។
សំណាងឧស្សាហ៍ចូលមកញឹកញាយ សួរលោកអធិបតីសេនា ពី ចិត្ដធីតា ។
ថ្ងៃមួយ លោកប្រុសលោកស្រី ហៅកូនមក ទើបសួរថា
កូន ! ឪពុកម្ដាយចង់ឱ្យកូនសម្រចរឿងគេដណ្ដឹងនាងឱ្យឆាប់ៗឡើង ឯចិត្ដឪពុកម្ដាយចង់ ឱ្យតែកូនព្រមព្រាងទៅ ។ សំណាងជាកូនគេអ្នកមានពូជពង្សវង្សត្រកូល ទ្រព្យសម្បតិ្ដគេក៏ច្រើន ចំណេះវិជ្ជាគេក៏បរិបូណ៍ ចូរនាងព្រមតាមឪពុកម្ដាយ ទៅ !
នាង ម៉ានយ៉ាន សំពះឪពុកម្ដាយ ឥតមានស្ដីអ្វីមួយម៉ាត់ ។
យើងអរគុណនឹងកូនព្រមតាមចិត្ដយើងហើយ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)