Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី១១ (ចប់)

យើងមិនបាច់ឆ្ងល់ទេ ម៉ានយ៉ាននឹង សូផាតបានជូបគ្នាក្នុងវេលា ពេលនោះឯង ។ អ្នកទាំងពីរមូលមេត្រីជាគូឥតអ្នកណាមួយដឹង ក្រៅពីនាយ រ៉កនេសាទត្រី ។
  ឱ ! ប្រសិនណាជាលោកអធិបតីដឹងដំណឹងវិញ ?
  ឱ ! ប្រសិនណា សំណាង ដឹងដំណឹងវិញ ?
ថ្ងៃមួយ សូផាតនិយាយទៅ ម៉ានយ៉ានថា
  អូនបង ! ស្រុកច្បារ អំពៅនៅនឹងច្រមុះស្រុកភ្នំពេញ គេថាដំរីស្លាប់យកចងេ្អរមកបាំងឯណាជិត បើ យើងមិនជៀសចេញពីទីនេះ បើមិនយូរក៏ឆាប់គេនឹងដឹងដំណឹងពីយើង គួរយើងចេញពីទីនេះទៅ។
  ខ្លួនប្អូនជាស្រី តាមតែគំនិតបង ។
វេលាដែលនាយ រ៉កមកពីនេសាទត្រី សូផាត និយាយប្រាប់ថា៖
  សម្លាញ់ ! សម្លាញ់មានគុណនឹងខ្ញុំណាស់ ប៉ុន្ដែយើងនៅស្ថិតសេ្ថរក្នុងស្រុកនេះ ទៀតមិនបាន ក្រុងភ្នំពេញនៅជិតបង្កើយ គេថាផ្លូវហើងវែង មាត់មនុស្សវែង ជាងផ្លូវទៅទៀត យើងសូមលាសម្លាញ់នឹងចេញពីនេះ ។
នាយ រ៉កបើកភ្នែកធំៗ
  កុំអាលអញ្ជើញទៅណា ខ្ញុំចិញ្ចឹមសម្លាញ់ឯងទាំងពីរនាក់មិនបានឬ ? ក្នុងរវាងមួយខែពីរទៀត ។ ខ្លាចអ្នកណា យើង សុខចិត្ដស្រឡាញ់គ្នាហើយ គ្មានអ្វីធំជាងចិត្ដទេឪពុក ម្ដាយ ឱ្យមានប្ដី ប្រពន្ធមិនគាប់ចិត្ដ ថ្ងៃក្រោយមិនមែនឪពុកទេ ដែលទទួលខុសត្រូវលើជីវិតយើងក្នុងមួយជាតិនេះ
  សម្លាញ់និយាយនេះត្រូវម៉្យាងហើយ ប៉ុន្ដែប្អូនសម្លាញ់ឯងនេះ មាន គេបានជូនឥវ៉ាន់ច្រើនណាស់ កាលដែលគេចូលដណ្ដឹង ។ ឥវ៉ាន់នៅជាប់នឹងខ្លួន នាងផង បើគេដឹងថានាងរស់ជីវិតនៅជាមួយខ្ញុំ គេនឹងអូសអស់ជាមិនខាន គេប្ដឹងចៅក្រមធ្វើឹទោសផង ។
នាយ រ៉ក ឈប់មួយស្របក់ ។
  សម្លាញ់គិតឃើញយ៉ាងដូចមេ្ដចស្រួល គិតទៅចុះ ។
លុះប៉ុន្មានថ្ងៃក្រោយមក សូផាតនិង ម៉ានយ៉ាននាំគ្នាទៅនៅក្នុង ស្រុកមួយឆ្ងាយបនិ្ដចពីទីរួមខេត្ដស្វាយរៀង ។ សង្សារទាំងពីរព្រមព្រៀងគ្នា លក់ខ្សែមាស ខ្សែពេជ្រតូចៗ ទិញបានជាលំនៅ ជាដីស្រែ វេលាដែល សូផាត នៅកាប់គាស់ដីដាំដំណាំ ម៉ានយ៉ាន នៅផ្ទះថែរក្សាទ្រព្យសម្បតិ្ដ មើលខុសត្រូវ ក្នុងផ្ទះ ក្រៅផ្ទះ ដាំបាយធ្វើម្ហូប ។
អ្នកទាំងពីរដូចលលកញីឈ្មោល ស្រឡាញ់គ្នាហាក់ថ្លើមមួយ ប្រម៉ាត់មួយ ។ អ្នកស្រែនៅក្នុងភូមិ មានផ្ទះនៅជិតខាង សឹងតែស្រឡាញ់រាប់អានអ្នកចំណូលទាំងពីរនាក់នេះណាស់ ។ អ្នកទាំងអស់ស្មានថាជាប្ដីប្រពន្ធពេញច្បាប់ ។ ឥតអ្នកណាដឹងប្ញសកែវបនិ្ដចសោះ ។
ខែជេស្ថចូលមកដល់ ទឹកភ្ញៀងធ្លាក់កាន់តែច្រើន អ្នកធ្វើស្រែរាល់គ្នាម្នីម្នាភ្ជួររាស់ដីយ៉ាងមាំទាំ ។ សូផាត ក៏ធ្វើដូចអ្នកទាំងពួងដែរ ប៉ុន្ដែវេលានឹងព្រួសស្រូវ ស្រាប់តែ ពិនិត្យទៅឃើញថាខ្វះពូជស្រូវ ក៏និយាយទៅសង្សារថា
  កែវបង ! ឥឡូវយើងត្រូវការទិញពូជស្រូវទៀត ទើបគ្រប់គ្រាន់ តើយើងត្រូវធ្វើដូចមេ្ដច បើយើងមានប្រាក់ យើងទិញផ្ទះទិញដីទិញរបស់ប្រើប្រាស់ជិតអស់ទៅហើយ គ្រឿងមាសពេជ្រតូចៗ យើងលក់គ្មានសល់ ។
  អ្នកបង ! ចិញ្ចៀពេជ្ខ្ញុំ ́មានតម្លៃថ្លៃណាស់ ក្នុងស្រុកនេះឥតមានអ្នកណាហ៊ានទិញទេ អ្នកបងប្រថុយអញ្ជើញទៅភ្នំពេញ យកចិញ្ចៀនេះទៅ លក់ ឱ្យដល់ហាងក្លិង្គ ដែលនៅមាត់ទនេ្ល ធ្លាប់ទទួលទិញមាសពេជ្រ ។
  ពូជស្រូវមិនថ្លៃប៉ុន្មានទេអូន !
  ចា៎ទេ ខ្ញុំចង់បានប្រាក់ឱ្យច្រើន នឹងចាយវាយទៅថ្ងៃក្រោយទៀត អ្នកបងអញ្ជើញទៅភ្នំពេញចុះ ប៉ុន្ដែប្រយ័ត្នបនិ្ដច ។
  បើដូច្នោះ ស្អែកបងនឹងចេញទៅ ។
លុះព្រលឹមឡើង សូផាតនឹងធ្វើដំណើរចាកចេញពីដួងជីវិតអ្នក ដោយអ្នកមិនចង់ឃ្លាតឃ្លាចេញឆ្ងាយសោះ អ្នកមានចិត្ដអាឡោះអាល័យក្រៃពេកណាស់ ។ អ្នកនិយាយថា
  អូន ! បងដែលធ្វើដំណើរនេះ តោងធ្វើច្រើន ដំណាក់ណាស់ពីព្រោះបងត្រូវជៀសវាងស្រុកប្រជុំជន បងនឹងដើរទៅឡើង ឡានឱ្យហួសពីទីផ្សារ បងនឹងចុះពីលើឡានមុននឹងដល់ស្ពាន បាសាក់ គិតទៅដំណើរបងយូរណាស់ យ៉ាងតិតចបួន ឬប្រាំថ្ងៃ ដូច្នេះបើប្រសិនណារោគាព្យាធិអ្វីមកបៀតបៀនដល់អូន ចូរប្អូនរកពេទ្យចេះវិជ្ជាបារាំងមើលជំងឺនាង កុំបណ្ដែតបណ្ដោយឱ្យគ្រួផេ្ដសផ្ដាសមើល ម៉្យាងទៀតមនុស្សចាស់ៗក្នុងភូមិ ចូរប្អូនខំយកចិត្ត បើមានអាសន្នអ្វីៗ អ្នកនេះឯងហើយជាញតិរបស់យើង ។
នាង ម៉ានយ៉ាន ស្ទុះទៅឱបអ្នកប្រុសថ្លៃ ៖
  ចា អ្នកបង!
អ្នកទាំងពីរឈរប្រឱបគ្នា ។ នាង ម៉ានយ៉ានផេ្ដកក្បាលទៅលើទ្រូងសង្សារអ្នកប្រុសជ្រងសក់ នាង ចាប់ទាញអង្អែលសក់អង្អែលថ្ពាល់... មានទឹកភ្នែករលីងរលោងរាល់គ្នា ។ នាង ម៉ានយ៉ានស្រដីទាំងទង្គឹះអួលក្នុងចិត្ដ៖
  អ្នកបងអញ្ជើញទៅប្រយ័ត្នតាមផ្លូវឱ្យមែនទែន
  អ្នកទាំងពីររមិនចង់ឃ្លាតឃ្លាពីគ្នាសោះ ប៉ុន្ដែវាទាស់តែត្រឹមទ័ល។ បនិ្ដច សូផាតប្រដាប់ដោយខោអាវដូចអ្នកស្រែធម្មតា គឺពាក់មួកខ្មៅ​ អាវធំអាវចិន ខោចិនខ្មៅយ៉ាងជំនុំ ស្ពាយបង្វិចតូចមួយដើររបៀមបារី សង្កែ កាន់ជន្លូញនៅដៃ ។ នាង ម៉ានយ៉ានជូនដំណើរសង្សារ លុះត្រាតែហួស វាលវែងមួយទើបត្រឡប់មកផ្ទះវិញ ។
ទេ នាងមិនទាន់ត្រឡប់មកភ្លាមទេ នាងឈរក្រោមដើមត្នោតមើលទៅប្ដីដែលដើរកាន់តែឆ្ងាយទៅៗ លឹម២ បនិ្ដច លិចបាត់ក្នុងគម្ពោតព្រៃនាងស្រក់ទឹកភ្នែកអាណិតប្រុសកល្យាណ លុះវិល ថ្កានមកផ្ទះវិញនៅស្ងប់ស្ងាត់ ត្រមោចឯកាតែម្នាក់ឯង ។ នាងអុជធូបបីសរសៃ សំពះបន់ គុណបុណ្យឱ្យលោកជូយប្ដីនាង ។
និយាយពី សូផាតវិញ អ្នកដើរបណ្ដើរងាកមើលមកប្រពន្ធបណើ្ដរ លុះត្រាតែឆ្ងាយទៅ ងាកមើលមិនឃើញ ។ អ្នកនឹកមកដល់ប្រពន្ធនៅតែម្នាក់ឯងអ្នកនឹកពីក្ដីកម្សត់កម្រនឹងអ្នក អ្នកអស់កម្លាំងនឹងឈានជើងដើរតទៅទៀត សឹងតែពុំបាន ។ បនិ្ដចអ្នកដើរមកដល់ផ្លូវថ្នល់ ចម្ងាយពីផ្សារស្វាយរៀង ចំនួនដប់ គីឡូម៉ែត្រ ។ ឡានមួយមកពីព្រៃនគរបើកមកដល់ សូផាត ហៅឈប់ ទើបឡើងជិះ ។
ឡានបើកផុតទីព្រែកអ្នកលឿងបនិ្ដច គោមួយចេញពីវាលស្រែមក អ្នកបើកឡានស្មានថាជាគោនៅស្ងៀមក៏មិនបង្អង់ម៉ាស៊ីន គោនោះរត់កាត់ផ្លូវមួយរំពេចទង្គិចនឹងឡាន ឡានកិនគោ គោស្លាប់ ឡានក្រឡាប់ ភ្លាម ។ អ្នកជិះមានរបួសច្រើន ។ សូផាត សន្លប់មិនដឹងខ្លួន ។ គេយកអ្នកត្រូវរបួសទាំងអស់ទៅមន្ទីរព្យាបាលរោគ ។
នាង ម៉ានយ៉ាននៅម្នា់ឯងឯខេត្ដស្វាយរៀងនាងរព្ញកនឹកប្ដីសព្វទិន ទិវារាត្រីមិនដែលដាច់ ចាំមើលផ្លូនប្ដីក្រឃើញមកដល់ កើតមានបារម្ភខ្លាំង ។ ថ្ងៃមួយនាងឈឺចាប់ខ្លាំងក្នុងក្បាល ក្ដៅខ្លួនញ័រចំប្រប់ទាំងកាយបាយ ទឹក ចំណី ចំណុក នាងអាស្រ័យពុំបាន ។ ចាស់២នៅជិតខាងគេមកជួយរកថ្នាំឱ្យនាង ។ រកមិនដល់សោះ ជំងឺនាងនៅតែដដែល ។
នាងសួរមនុស្សចាស់ម្នាក់
  លោកតា ! នៅស្រុកយើងមានពេទ្យ បារាំងទេ ?
  មានចៅ ប៉ុន្ដែតោងឡើងទៅផ្សារហើយ ។
  ចា៎ ! ខ្ញុំទៅឱ្យគ្រូពេទ្យមើលរោគខ្ញុំ លោកតាអាណិតរកពឹងអ្នកណា ឱ្យគេទៅអញ្ជើញលោកគ្រូពេទ្យមកបានទេ ?
  មានអីចៅ
នាងយកប្រាក់ពីហោប៉ៅអាវហុចជូនទៅលោកតាចាស់
  នេះ សោ ហ៊ុយអ្នកទៅតាមពេទ្យ
តាចាស់ក៏អញ្ជើញញទៅបាត់ ។ ចំនួនប្រាំម៉េាងក្រោយមក គ្រូពេទ្យអញ្ជើញមកដល់ ។ គ្រូពេទ្យ អស្ចារ្យនឹងផ្ទះនាង ម៉ានយ៉ាន ដែលមិនមានសណ្ឋានដូចផ្ទះអ្នកស្រែទាំងពួងសោះ របៀបរៀបចំទាំងអស់ ជារបៀបយ៉ាងចំណានរបស់អ្នកក្រុងជាន់ខ្ពស់ ។
លុះឃើញមុខអ្នកជំងឺ គ្រូពេទ្យស្គាល់ជាក់ នឹកថា នាងដែលរៀបការ និង សំណាង សម្លាញ់អញទេតើ ! លុះពិនិត្យអាការរោគសេ្រច គ្រូពេទ្យនិយាយថា
  អ្នកជំងឺនេះខ្ញុំមើល មិនបានទេ ខ្ញុំនឹងបញ្ចូនអ្នកទៅភ្នំពេញ ឱ្យគ្រូពេទ្យមើល។
  ចា៎ ខ្ញុំមិនទៅភ្នំពេញទេ ខ្ញុំស៊ូមើលបនិ្ដច នៅទីនេះហើយ
  ទេ អ្នកមិនអញ្ជើញទៅមិនបានទេ ជំងឺនេះទុកយូរប្រាកដជាមិនបាន។
ក្រោយមកនាងព្រមឱ្យគ្រូពេទ្យបញ្ចូននាងទៅភ្នំពេញ ។ នាងក៏អាស្រ័យមើលជំងឺនៅផ្ទះពេទ្យឯភ្នំពេញ ។ គ្រូពេទ្យសរសេរសំបុត្រមួយទៅ សំណាង ជាមិត្ដរបស់ខ្លួន ប្រាប់ពី រឿងខ្លួនដែលបានប្រទះនាងនៅខេត្ដស្វាយរៀង ពីខ្លួនប្រើឧបាយកលបបញ្ចូននាងទៅមន្ទីរព្យាបាលរោគឯភ្នំពេញ ។
លុះដឹងដំណឹងសព្វគ្រប់ហើយ សំណាង ញញឹមស្ងួតខាំមាត់ដោយមាន ចិត្ដគុំគួន ខឹងនឹង ម៉ានយ៉ានជាច្រើន មេនេះវាធ្វើពុតអាក្រក់ណាស់តើ ដំណឹងនេះ សំណាងផ្សាយទៅឪពុក ម្ដាយខ្លួនជ្រាបភ្លាម ។
ពេលម៉េាង ៥ កន្លះ សំណាងរៀបខ្លួនស្លៀកពាក់សេ្រច ទើបឡើងរទេះឡានបើកទៅផ្ទះពេទ្យ ។
លុះឡានបើកមកដល់មន្ទីរពេទ្យព្យាបាលរោគ សំណាង បពា្ឈប់ ឡានទើបលោតចុះដល់ដីមួយរំពេច ដើរតម្រង់ចូលទៅបន្ទប់ស្រីៗ ។ សំណាង អើតមើលពីគ្រែមួយទៅគ្រែមួយ មិនឃើញនាងសោះ ។ បនិ្ដចចោលកន្ទុយ ភ្នែកទៅកៀនជញ្ជាំង ស្រាប់តែឃើញនាង ម៉ានយ៉ានអង្គុយត្របោមក្បាល នឹកមមៃទៅប្ដី ។ សំណាងនឹកព្រួចថា
  វានុះហ្ន៎
ស្ទុះខ្មីខ្មាតទៅជិត
  យី ខ្ញុំស្មានតែស្លាប់បាត់ទៅហើយ ?
នាង ម៉ានយ៉ានឥតភ័យ
  ខ្ញុំមានវិញ្ញាណតែសព្វថ្ងៃ ...
សំណាងខឹង !
  នាងស្រី ! កាលដែលខ្ញុំរៀបអាពាហ៍ពិពាហ៍ និង នាង ខ្ញុំចាយវាយមាសប្រាក់ច្រើនណាស់
  មិនមែនខ្ញុំបង្គាប់អ្នកឯងចាយវាយមាសប្រាក់ច្រើនទេ ។
  យ៉ាងហ្នឹងហើយ ប៉ុន្ដែកាលដែលនាងឯងរត់ទៅ នាងឯងបានយកមាសពេជ្យ​ខ្ញុំដោយទៅច្រើនណាស់។
  ខ្ញុំនឹងជូនអ្នកវិញមិនខាន ។
សំណាងគន់មើលទៅនាង វេលាដែលខឹង មានឈាមក្រហមពេញ ទាំងមុខស្រស់ស្រគាគួរឱ្យចេតនាពេកណាស់សេចក្ដីសេ្នហារបស់ សំណាង ដែលរលត់ស្ងាត់សូន្យដរាបមកក៏ភ្ញាក់កម្រើកឡើងជាថ្មី។ សំណាងបន្ទន់សមេ្លង ធ្វើមុខប្រិមប្រិយ
  អូន ! បងមិនចង់បាន ប៉ុន្មានទេ មាសពេជ្រដែលបងជូននាងហើយ ចិត្ដបងចងចាំនៅតែនឹងពៅ។
  ចូរអ្នកភេ្លចខ្ញុំឱ្យជ្រះស្រឡះទៅ ។
  ទេអូន ! បងស៊ូស្លាប់ជាជាង
  ទេអ្នក!
សំណាងខិតចូលកាន់តែជិត ។
សូផាតដែលត្រូវគ្រោះជិះឡានក្រឡាប់ គេយកមកឱ្យដេកពេទ្យ អ្នកដេកនៅថ្នាក់ជាន់ខាងលើ ។ រាល់តែល្ងាចអ្នកតែងចុះមកដីដើរ ហើយទុក្ខ នឹករលឹកដល់ភរិយា ។ វេលាដែល សំណាងនិយាយនឹង ម៉ានយ៉ានអ្នក ស្ដាប់សមេ្លងប្រពន្ធអ្នកបាន អ្នកស្ទុះទៅជិតស្រាប់តែឃើញប្រុសម្នាក់កំពុងតែអង្វរចិត្ដនាង ។
ម៉ានយ៉ានវេលាណាក្រឡេកឃើញប្ដី នាងស្ទុះម្នីម្នាទៅឱបប្ដី ដោយរលឹកពេកណាស់ ។ សំណាងក្រញេងក្រញាងស្ទុះទៅដែរ ។ ប្រុសទាំងពីរឈរទល់មុខគ្នា ខាំមាត់តែសព្វខ្លួន ។
ឪពុកម្ដាយ សំណាងបានផ្សាយដំណឹងពី ម៉ានយ៉ានទៅលោកអធិបតីសេនា ។ ឧកញ៉ា សួន​ កាលណាលោកបានជ្រាបថា ម៉ានយ៉ាន គង់ជីវិត លោកប្រញិបប្រញាប់អញ្ជើញទៅមន្ទីរពេទ្យភ្លាម។
លុះមកដល់បន្ទប់នាង ម៉ានយ៉ាន ស្រាប់តែក្រឡេកមើលទៅឃើញឈរជិត សូផាត កំពុងតែចង់ ប្រយុទ្ធ នឹង សំណាង ។ លោកតេ្រកអរឥតឧបមា ស្ទុះប្រញិបប្រញាប់
  សូផាត! ម៉ាន យ៉ាន!
អ្នកទាំងពីស្ទុះមកឱបបាទជើងលោក ។ លោកញញឹមមានប្រសាសន៍ថា
  ក្រោក!
អ្នកទាំងពីរធ្វើការបង្គាប់ ។ សំណាងនៅស្ងៀមឥតវាចាអ្វី ។ លោកអធិបតីសេនា សួនចាប់ដៃ សូផាត ទាំងពីរ
  កូនប្រុស ឯង ជាកូនបង្កើតអញនេះហើយឈ្មោះ សួនពីដើមអញធ្វើបាល័ដ្ឋនៅ សិរីសោភ័ណ ...ពុកស្មានថាជាអ្នកស្លាប់យូរណាស់មកហើយ !
ទើបលោកបែរមកចាប់ ស្មា ម៉ានយ៉ានទាំងពីរ
  កូនស្រី ! ឪពុកស្មានថាជាកូនលង់ទឹកស្លាប់ ...
សូផាត និង ម៉ានយ៉ាន ស្ទុះទៅឱបឪពុកជាថ្មីទៀតហូរទឹកភ្នែក សស្រាក់ ។
ឧកញ៉ា សួនអញ្ជើញទៅជិត សំណាង ទើបមានប្រសាសន៍ថា៖
  នាង ! បណ្ណាការទាំងប៉ុន្មាន ដែលអ្នកបានជូនខ្ញុំ​ ខ្ញុំនឹងបង្វិលជូនទៅអ្នកវិញ ឱ្យ គ្រប់ចំនួន ខ្លួនអ្នកមិនមែនជាគូរពេ្រង និងក្មួយប្រពន្ធខ្ញុំទេ នាង ម៉ានយ៉ាន មានចិត្ដចេតនាតែលើកូនខ្ញុំនេះលោកចង្អុល សូផាតខ្ញុំនឹងផ្សំផ្គុំរៀបការអ្នកទាំងពីរ ឱ្យបានគ្នាជាភរិយាស្វាមីតទៅ
សំណាង សំពះលាលោកឈ្ងោកមុខដើរចេញ ។
....................................................... ........................................................ ប៉ុន្មានថ្ងៃក្រោយមក គេរៀបការ សូផាតនិង ម៉ានយ៉ាន យ៉ាង អឹកធឹកគគ្រឹកគគេ្រង ។ ក្នុងបណ្ដាភ្ញៀវទាំងប៉ុន្មាន មេស្រុក សុខ នឹង នាយ រ៉កសើចក្អាកក្អាយជាងគេទាំងអស់ ។
« ចប់ដោយបរិបូណ៌ »
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)