Telegram Channel
Youtube Channel
Online TV

សូផាត

រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)

ជំពូកទី៣

វេលាដែលចុះអំពីរថយន្ដ សូផាត គ្មានភ័យតក់ស្លុតនឹងទីក្រុងដែលមានផ្ទះថ្មធំៗ មានមនុស្សច្រើនពាសពេញ រទេះគ្រប់បែបរត់ច្រវាត់កាត់ទៅតាមផ្លូវទូលាយនេះទេ ។ សូផាត បើកភ្នែកធំ២ជញ្ជឹងសងេ្កតមើលគ្រប់សព្វ រីករាយសប្បាយក្នុងចិត្ដបន្ដិចដើរទៅជិតមនុស្សចាស់ម្នាក់លើកដៃសំពះគេហើយសួរថា
  លោកតា ? មេត្ដាប្រាប់បនិ្ដច ផ្លូវណាមួយដែលតម្រង់ទៅខាងជើងកំពែងវត្ដឧណ្ណាលោម ?
  ផ្លូវហ្នឹងហើយចៅ ចៅដើរឱ្យត្រង់ទៅទើសត្រង់ណាត្រង់ហ្នឹងហើយវត្ដឧណ្ណលោម
ទើបតានោះងាកមកចិញ្ចើមថ្នល់ខាងកើតចង្អុលថា នុ៎ះន៍ ! វត្ដ ឧណ្ណាលោម !
សូផាត សំពះលាមនុស្សចាស់នោះសេ្រច ទើបដើរតម្រង់ទៅតាមទិសដែលដៃតាចាស់ចង្អុល ។ មិនយូរប៉ុន្មានក៏បានទៅដល់ទីអារាមនោះភ្លាម ។ សូផាតក្រឡេកឃើញកុដិព្រះសង្ឃជាច្រើន ទើបរកផ្លូវក្នុងវត្ដ ។ លុះដើរទៅជិតកេ្មង សូផាត សួរថា
  ប្អូន !កុដិលោកគ្រូ បាល័ដ្ឋ ប៉ក់ នៅឯណា ?
កេ្មងនោះធ្វើក្បាលងីងើៗ ទើបឆ្លើយថា
  មិនដែលស្គាល់លោកគ្រូ បាល័ដ្ឋ ប៉ក់ ទេ មិនដែលឮគេហៅព្រះនាមនោះផង។
វេលានោះ មានព្រះសង្ឃមួយអង្គចាស់ព្រះវស្សាបនិ្ដចមានពុទ្ធដីកា ថា
អានាង រកលោកគ្រូណា លោកគ្រូកវីវង្សា ប៉ក់ ឬ ?
សូផាត ក្រាបថ្វាយបង្គំព្រះសង្ឃរួច ទូលតបព្រះពុទ្ធដីកាថា
  ព្រះករុណា ព្រះករុណារកលោកគ្រូ បាល័ដ្ឋ ប៉ក់ !
  ហ្នឹងហើយ, លោកគ្រូកវីវង្សា ប៉ក់ ពីដើមលោកធ្វើជា បាល័ដ្ឋ ។ នាងឯងមកពីស្រុកណា ឯងមិនដឹងទេឬ ? លោកគ្រូកវីវង្សាលោកសឹកយូរ ណាស់ហើយ ។
  ព្រះករុណា ព្រះកុរណានៅក្រុងសិរីសោភ័ណ សូមព្រះករុណាមេត្ដាប្រាប់ទីលំនៅលោក ឱ្យព្រះករុណាបានដឹងផងបានទេ ?
  ឱនាងអើយ ! អាត្មាមិនដឹងដែរ នែ ! ចៅឯងមានការអី្វ ?
  ព្រះករុណា លោកគ្រូ ករុណា ឱ្យព្រះករុណាយកសំបុត្រនេះមកប្រគេនលោក ។
  អាត្មាបើកមើលបានទេសំបុត្រនោះ
  ព្ររះករុណា គ្មានទាស់អ្វីទេ ។
និយាយដូច្នេះហើយ សូផាត លុតជង្គង់លើកដៃទ្រសំបុត្រប្រគេន សំពះព្រះសង្ឃ ។ ព្រះសង្ឃទទួលសំបុត្រហែកមើលចប់ ទើបមានពុទ្ធដីកាថា
  នាង អាត្មាយកអាសាចិញ្ចឹមនាងបនិ្ដចបាន ទំរាំនាងបានជួបនឹងឪពុកនាង។ ឡើង មកលើកុដិមក។
សូផាត ដែលនៅសំណាក់នឹងព្រះសង្ឃមួយអង្គក្នុងវត្ដឧណ្ណា លោម​ លោក តែងគោរពប្រណិប័តន៍បំរើធ្វើការប្រគេនលោក ឥតចេះខ្លាចនឿយ ឥតចេះខ្លាចហត់ ឥតគិតខ្លាចថ្ងៃ ឥតគិតស្គាល់យប់ ឈប់ទំនេរវេលាណាមើលទៅត្រង់ណា ឥតទើសភ្នែកត្រង់ហ្នឹង ។
វេលានោះអ្នកក្រាបថ្វាយបង្គំលោកលាដើរចេញមកមើលទីក្រុងសើុបសួររកផ្ទះលោកបាល័ដ្ឋសួន ។ ឥតអ្នកណាស្គាល់នាហ្មឺននោះសោះ ។
ថ្ងៃមួយជាពេលសិស្សសាលាចេញពីរៀន សូផាត ដើរកាត់ពីភូមិបឹង រាំងមកវត្ដ ស្រាប់តែឮសូរមាត់កេ្មងស្រែកទ្រហឹងអឹងកងឃើញវាពួនចុះពួនឡើង ។ សូផាត កាត់យល់ជាក់ថាមានកេ្មងឈ្លោះគ្នាហើយក៏ខំស្រូតរូតដល់ពពួកកេ្មងនោះ ទើបស្ទុះចូលទៅក្នុងវង់ប្រដាល់ភ្លាម ដោយឃើញកេ្មងម្នាក់ធំ កំពុងវាយកេ្មងតូច សូផាត ដោយខ្លួនអ្នកមាំជាងកេ្មងទាំងពីរឥតបាច់ប្រឹង ប្រែងច្រើនទេនឹងឃាត់កំហឹងគេក្នុងគ្រា ។ អ្នកកំហែងឱ្យដកដៃពីកេ្មងខ្សោយ ទើបអ្នកចាប់ដៃកេ្មងខ្សោយឱ្យដើរទៅជិតអ្នក ហើយអ្នកជូនដំណើរត្រាដល់ផ្ទះឪពុកម្ដាយ ។ កុមារតូចមានចិត្ដតេ្រកអរនឹង សូ ផាត ជាខ្លាំងទើបនិយាយថា
  អ្នកបង ! ដែលបានជួយសង្គ្រោះក្នុងគ្រា ជំពាក់គុណអ្នក ច្រើនណាស់ អ្នកបងមេត្ដាប្រាប់ទីលំនៅអ្នកបងឱ្យប្អូនដឹងផង សូមអ្នកបងធ្វើជាសម្លាញ់។
  ប្អូន ! កិច្ចមនុស្សធំជួយសង្គ្រោះតូចជាកិច្ចធម្មតាទេ គឺជាការទម្លាប់ ជាប់ដុះមកក្នុងដួងចិ្ដបង បងមិនគិតកម្រៃគុណស្រ័យអ្វីពីប្អូនទេ ។ ខណ:ដែល សូមបងជាសម្លាញ់ បងរីករាយសប្បាយក្នុងចិត្ដណាស់ ។ មនុស្សយើងដែលរស់មកប្រាថ្នាការសុខនៅក្នុងលោក តែងតែស្វែងរក ឱ្យគេស្រឡាញ់រាប់អាន ។ គ្រានេះបើប្អូនសូមបងជាសម្លាញ់បងក៏សូមប្អូនជាសម្លាញ់ដែរ ។
អ្នកទាំងពីរចាប់ដៃគ្នាយ៉ាងណែន ញញឹមញញែមមើលមុខគ្នាទៅវិញទៅមក ។ ឈាមដែលរត់ក្នុងសាច់រសសៃអ្នកទាំងពីរ ហាក់ដូចជាប្រមែប្រមូល គ្នាក្នុងវេលានោះ ។
កុមារតូចដែល សូផាតជួយសង្គ្រោះ ណារិន ជាក្មួយបង្កើត ប្រពន្ធលោកអធិការសេនា កំព្រាឥតឪពុកម្ដាយ ហើយប្រពន្ធលោក នាហ្មឺនធំ ដែលឥតកូនយកមកចិញ្ចឹមបីបាច់ថែរក្សារ មានមេត្ដាដូចជាកូនបង្កើតរបស់គេ ។
សូផាតនិយាយថា
  ប្អូនចង់ជ្រាបទីលំនៅបងឬ ? បងឥតទីលំនៅ ឪពុកម្ដាយទេនៅស្រុកនេះ ម្ដាយបងនៅសិរីសោភ័ណ អ្នកអនិច្ចកម្មយូរណាស់ ហើយឯបងដែលមកនៅស្រុកនេះគ្រាន់ទែមករកលោកឪពុកបង ។ ឥឡូវបងរកលោកមិនឃើញ បងនឹងគិតវិលត្រឡប់ទៅស្រុកវិញឆាប់ហើយ ។
  អ្នកបង ! ប្អូនស្រឡាញ់ចិត្ដអ្នកបងណាស់ អ្នកបងកុំអាលចេញពី ប្អូនអីបើអ្នកបងពិបាកនឹងនៅវត្ដលោក សូមអញ្ជើញអ្នកបង មកនៅផ្ទះ ឪពុកចិញ្ចឹមលោកស្រឡាញ់រាប់អានកេ្មងៗណាស់ នឹងនិយាយអង្វរលោកឱ្យខាងតែលោកព្រមទទួលអ្នកបងបាន នៅជាមួយនឹងប្អូន ។
ថាតែប៉ុណ្ណោះ ណារិនដឹកដៃ សូផាត ចូលទៅក្នុងផ្ទះ ។
លុះចូលទៅដល់ទល់មុខលោកអធិការសេនា សូផាត លុតជង្គង់សំពះសួរ ណារិន ជំរាបឪពុកធម៌ថា
  លោកប៉ា ! នេះសម្លាញ់គេបានជួយសង្គ្រោះពីដៃកេ្មងចង្រៃមួយមាឌធំ បំណងនឹងប្រមាថមើលងាយវាយ។ សម្លាញ់នេះឥតទីលំនៅឪពុកម្ដាយក្នុងក្រុងភ្នំពេញនេះទេ សព្វថ្ងៃសំណាក់នៅវត្ដលោក ។ សូមអង្វរលោកប៉ាឱ្យមេត្ដាករុណានេះ ព្រមទទួលឱ្យនៅជាមួយនឹងបានជាគ្នាលេង ។
លោកឧកញ្ញាមើលមុខ សូផាតទើបមានប្រសាសន៍ថាៈ
  ឯងឈ្មោះអី ? ទីលំនៅ នៅស្រុកណា ?
បាទ​ សូផាត​ ស្រុកទេសនៅសិរីសោភ័ណ
លោកនាហ្មឺនធំជញ្ជឹងរំពឹងគិតមួយស្របក់ទើបនិយាយថា
  អញតេ្រកអរណាស់បើឯងព្រមនៅរួមល្បែងនឹងកូនអញ
សូផាត លើកដៃសំពះ នឹងគិតថា អញមកនៅនឹងឧបាសកប្រហែល គ្រាន់បើជាងនៅនឹងព្រះសង្ឃ ដោយឥតគិតបារម្ភនឹងពាក្យគេតែងដំនៀលថាៈ មនុស្សខ្ជិលដេកនៅវត្ដរស់ដោយសារបាយបាត្រលោក។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)