Telegram Channel
Youtube Channel
Online TV

កុលាបប៉ៃលិន

រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)

ភាគទី០៥៖ សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ

មានពន្លឺឆ្លុះចាំងមកស្រទន់ៗនៃអរុណដែលទើបរះឡើងពីទិសបូពា៌នោះ មានពន្លឺភ្លឺច្រាលឆ្អៅជាសម្បុរមាសយ៉ាងល្អ ហើយចាំងចូលតាមចន្លោះបង្អួចនិងចន្លោះទា្វរវេលានោះមានសត្វចាបតូចៗពីរបីហើរឆ្វៀលឆ្វាត់ទទះស្លាបលេងយ៉ាងក្សេមក្សាន្តឥតមានព្រួយអំពល់រវល់នឹងសេចក្កីទុកសោករបស់អ្នកឯណាឡើយ​ វាហើរកំសាន្តចិត្តនៅកណ្តាលខ្យល់ ដែលំពុងបក់មករំភើយៗក្នុងពេលព្រឹកព្រហៀមហើយស្រែកហ៊ោកញ្ជ្រៀវទៅតាមភាសាសត្វ។
ឯចៅ ចិត្រ ប្រែខ្លួនភ្ញាក់ស្មារតីឡើង ហើយស្រែកថ្ងូរដោយសេចក្តីឈឺចាប់យ៉ាងខ្លាំង ហើយបើកភ្នែកក្រឡេកមើលទៅជុំវិញបន្ទប់ដេករួចសំឡឹងទ្រឹងនៅនឹងរូបស្រ្តី្កក្រមុំដ៏មានរូបឆោមស្រស់របស់ម្នាក់ដែលអង្គុយនៅបន្ទប់របស់ខ្លួនទើបចៅ ចិត្រហាមាត់ឡើងប្រុងនឹងនិយាយទៅ តែនាងដណ្តើមនិយាយឡើងមុនថា
  ចិត្រ,ចិត្ររលឹកហើយឬ ?
នាងសួរដោយសំដីទន់ផ្អែមល្ហែម។
ចៅ ចិត្រ សួរទៅនាងថា
  ខ្ញុំបាទនៅឯណា, ឃុននារី,ចុះហេតុដូចម្តេចបានជាខ្ញុំបាទមិនស្លាប់ ?
នាងតបថា
  ចិត្រ មិនស្លាប់ ចិត្រ ចាំមិនបានទេឬ? ទីនេះជាបន្ទប់របស់ចិត្រ ឯងតែគេបានកែប្រែឲ្យបានស្រួលដើម្បីឲ្យមានអាកាសល្អឡើង។
ផ្ការំចេកនៅនឹងដប ចោលក្លិនក្រអូបឈ្ងុយឈ្ងប់ពេញទាំងល្វែងបន្ទប់,នារី រំកិលមកជិតអ្នកជម្ងឺហើយសួរ
  ពិសាបបរឬទេ ចិត្រ ?
នាយ ចិត្រគ្រវីមុខយ៉ាងសន្សឹមៗហើយថា
  អរគុណច្រើន ឃុននារី ខ្ញុំចង់ដឹងថា ខ្ញុំបាទត្រឡប់មកដល់ទីនេះបានដោយហេតុយ៉ាងណា ? ហើយពួកចោរទៅឯណាអស់ទៅ ?
នាងនារី ញញឹមប៉ប្រៃហើយថា
  គឺយ៉ាងអីចេះ, នៅវេលាដែលចិត្រ ត្រូវចោរបាញ់ដួលសន្លប់នៅនោះស្រាប់តែលេច តាសុន បររថយន្តមួយធំមកតាមយើង ហើយមានគ្នា ច្រើនផង គាត់ប្រាប់ថាឃើញពួកយើងបាត់យូរពេក គាត់មានសេចក្តីព្រួយបារម្ភក្រែងមានគ្រោះថ្នាក់តាមផ្លូវទើបគាត់សុំខ្ចីរថយន្តម៉ុងថោងយ៉ុកទៅទទួលយើង ស្រាប់តែប្រទះនឹងពួកយើងកំពុងច្បាំងនឹងពួកចោរ ហើយគាត់ជួយស្រែកហ៊ោបង្អើលពួកចោរ ទាល់តែពួកវារត់ខ្ចាត់ខ្ចាយចូលព្រៃអស់ទៅ ទើបពួកយើងនាំគ្នាលើកចិត្រដាក់រថយន្តមកផ្ទះនេះ ហើយលោកឪពុកឲ្យមនុស្សទៅអញ្ជើញគ្រូពេទ្យមកពិនិត្យរក្សាអាការរបួសរបស់ ចិត្រស្តាប់បានទេ !។
នាយ ចិត្រដកដង្ហើមធំ ដោយអាការធូរក្នុងទ្រូងជាច្រើនសំឡឹងមើលវង់ភក្ត្ររបស់នារី ហើយពោលថា
  ខ្ញុំបាទគួរតែស្លាប់នៅក្នុងព្រៃនោះប្រសើរជាង មិនគួរនាំខ្ញុំបាទមកពីទីនេះទេដ្បិតនៅទីនេះខ្ញុំបាទមុខជាស្លាប់ដោយអាការក្រំចិត្តមិនខាន។
  នារី ចុះហេតុម្តេចបានជាចិត្រ និយាយយ៉ាងហ្នឹង ? គ្មាននរណាចិត្តអាក្រក់ដល់បណ្តោយឲ្យស្លាប់ដូច្នោះទេ ចិត្រ ដឹងទេ, ឥឡូវនេះ អ្នកណាៗគេក៏គេស្រឡាញ់ចិត្រ ទាំងអស់គ្នា លោកឪពុកបានមានប្រសាសន៍ថា បើចិត្រសះជាហើយ លោកនិងតាំងឲ្យជាអ្នកត្រួតត្រាមើលអណ្តូងត្បូងទាំងអស់ ជំនួសខ្លួនលោកមើលទៅដូចជាលោកពេញចិត្តនឹង ចិត្រ កាន់តែច្រើនឡើងៗ !។
ចៅ ចិត្រស្ងៀមទៅមួយស្របក់ទើបមើលមុខ នារី ដោយអាករសោកៗថា
  ឃុននារី, ឃុន នៅចាំសំដីខ្ញុំបាទបានឬទេកាលគ្រានិយាយគ្នាក្រោមដើមស្រឡៅក្នុងយំនោះ ?
នារី ញញឹមយ៉ាងស្រទន់ភ្លន់ហើយថា
  ចា៎ះ! ចាំបានទាំងអស់ឥតភ្លេច មួយម៉ាត់សោះចុះហេតុអ្វីក៏សួរដូច្នេះ?
  ចៅ ចិត្រ ងាកប្រែខ្លួនផ្អៀងបន្តិចហើយថា
  ទេ ឃុន តាមដោយពិត ខ្ញុំបាទមិនគួរនិយាយចេញមកសោះតែដែលហ៊ាននិយាយដូច្នោះក្នុងវេលានោះ ព្រោះគិតជាស្រេចថាមុខជាគ្មានជីវិតរស់នៅក្នុងលោកតទៅទៀតទេ តែឥឡូវនេះបែរជាមិនស្លាប់ នេះហើយដែលធ្វើឲ្យខ្ញុំបាទក្រៀមក្រំក្នុងឱរាត្រា
នារី យកដៃបិទមាត់ចៅ ចិត្រ ជាប្រញាប់ហើយថា
  គ្មាននរណាចិត្តអាក្រក់ធ្វើបាប ចិត្រ ឲ្យបានសេចក្តីវេទនាដូច្នោះទេមនុស្សល្អយ៉ាងនេះ តើនរណាស្អប់ ចិត្រមិនជឿទៀតទេឬថា នារី ស្រឡាញ់ចិត្ររបស់ នារីយ៉ាងអស់ពីចិត្ត !
ចៅ ចិត្រ ញញឹមហើយថា
  ជឿ ជឿអស់ពីពោះ​ ប៉ុន្តែនឹងមានប្រយោជន៍ អ្វី កាលបើឋានៈរបស់យើងខុសគ្នាឆ្ងាយណាស់ហាក់ដូចជាមេឃនិងដី !
នាង នារី នៅតស្ងៀម។
ចៅ ចិត្រ និយាយតទៅទៀតថា
  ខ្ញុំជាមនុស្សភ្លើទេ ឃុន ដូចពាក្យទំនៀមថាឆ្លុះកញ្ចក់មិនមើលស្រមោលប្រាណ ដាំជើងក្រានមិនប្រមាណនឹងឆ្នាំងហេតុតែអន្ទះអន្ទែង ជែងបុណ្យភ័ព្វសំណាងនេះហើយនឹងនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនមិនខានដូចបុរាណថា “ដៃខ្លីខំប្រវាឱបភ្នំ” មានតែនាំឲ្យក្រៀមក្រំចិត្តឥតប្រយោជន៍ដរាបដល់ក្ស័យជីវិតមកតែអំពីមានគំនិតឥតកំណើតដូចខ្លួនខ្ញុំបាទនេះឯង
ថាហើយក៏ដកដង្ហើមធំដោយអាការអស់សង្ឃឹម។
នាងនារី សំឡឹងមើលមុខដោយចិត្តអាណិតអាសូរ ហើយនិយាយថា
  គិតច្រើនហួសប្រមាណដោយខ្លួនឯងនារីប្រាប់ហើយថាស្រឡាញ់យ៉ាងអស់ពីចិត្ត ក៏នៅតែមិនជឿទៀតចុះឲ្យនារីធ្វើដូចម្តេច? នារីព្រមគ្រប់យ៉ាងមិនមានអ្វីក្នុងលោកនេះមកកំចាត់សេចក្តីតាំងចិត្តរបស់នារីបានឡើយនារីស្រឡាញ់ចិត្រតែម្នាក់នេះឯងមិនមានបុរសគំរប់ពីរទៀតទេ នារីមិនត្រូវការអ្វីដទៃទៀតទាំងអស់ក្រៅអំពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់បរិសុទ្ធរបស់ ចិត្រ ប៉ុណ្ណោះ។
  ចិត្រ មែនឬនារី ? ញញឹមយ៉ាងរួសរាយ។   នារី ពុទ្ធោ! នៅតែមិនជឿទេឬ?
នាងនិយាយដោយសេចក្តីទោមនស្សអន់ចិត្ត។ ចៅ ចិត្រ ចាប់ទាញដៃនាងនារីមកកថើបយ៉ាងស្នេហាអស់ពីចិត្តនាងនារីក៏ជ្រប់មុខនៅនឹងទ្រូងរបស់ប្រុសសំឡាញ់សេចក្តីសេ្នហាដែលកប់ទុកក្នុងចិត្តមកជាយូរក៏ខ្ចាយផ្សាយប្រាប់គ្នាទៅវិញទៅមកដោយពិតត្រង់ទាំងអស់
ពីដើមមកនាងនារីធ្លាប់មើលងាយប្រមាថចៅ ចិត្រ ហើយស្អប់ចៅ ចិត្រតែនៅទីបំផុតនេះប្រែជាស្រឡាញ់គេវិញ ហើយជាេសចក្តីស្នេហាស្រឡាញ់យ៉ាងបរិសុទ្ធស្មោះត្រង់ទន់ផ្អែមត្រជាក់ចេញមកពីបេះដូងដែលថ្លាផូរផង់ខ្ចាប់ខ្ចួនឥតមានចាស់ទុំបង្ខំចិត្តឡើយ។
នៅឱកាសដែលកំឡោះក្រមុំកំពុងនិយាយចរចាសាស័ព្ទយ៉ាងភ្លើតភ្លើននោះស្រាប់តែឮសូរជើងមនុស្សឡើងជណ្តើរមក ទើបនាងបើកទ្វាចេញទៅទទួល
លោកហ្លួងរតនសម្បិត្ត និងគ្រូពេទ្ជនទាំងពីរក៏ដើរចូលទៅក្នុងបន្ទប់ចៅចិត្រៗ ធ្វើអាការហាក់ដូចជានឹងក្រោកឡើង តែលោក ហ្លួងលើកដៃហាមថាកុំក្រោកដេកតាមសប្បាយចុះហើយងាកទៅសួរគ្រូពេទ្យថា
  ថ្ងៃនេះអាការរោគដូចម្តេចខ្លះ លោកគ្រូ?
លោកគ្រូពេទ្យចាប់ដៃអ្នកជម្ងឺត្រួតសព្វគ្រប់ហើយទើបនិយាយថា
  គ្រាន់បើឡើងច្រើនព្រោះគ្រាប់កាំភ្លើងដែលចោរបាញ់ត្រូវ គេចផុតពីកន្លែងសំខាន់ៗទាំងអស់។
លោក ហ្លួងនិយាយថា
  គ្រោះល្អណាស់! ខ្លួនខ្ញុំ និង កូនខ្ញុំប្រសិនបើមិនបានចៅ ចិត្រ ជួយការពារក្នុងគ្រានោះទេមិនដឹងជាយ៉ាងម៉េចទេ​ ចុះប៉ុន្មានថ្ងៃទៀតទើបបានសះជាលោកគ្រូ ?
លោកគ្រូពេទ្យសំឡឹងមើលនាងនារី ហើយញញឹមនិយាយ
  ខ្ញុំបាទគិតថាបើមានអ្នកថែរក្សាជំងឺចំណាប់ចំនួនបែបនេះគង់សះជាឆាប់រហ័សមិនខានតែវេលានេះតោងឲ្យអ្នកជំងឺដេកឲ្យស្ងៀមទម្រាំឲ្យរបួសសះល្អសិន។
ឯនាយ ចិត្រ សំដែងសេចក្តីអរគុណដល់លោក ហ្លួងនិង គ្រូពេទ្យហើយលោកទាំងពីរនាក់ក៏នាំគ្នាដើរចេញទៅឯហ្លួងរតនសម្បិត្ត ងាកមកប្រាប់ចៅ ចិត្រថា
  តាំងពីថ្ងៃនេះទៅទុកជាចៅ ចិត្រសះជាខ្លួនហើយក៏មិនបាច់ទៅធ្វើការនៅអណ្តូងត្បូងដូចមុនៗទៀតទេខ្ញុំតាំងឲ្យអ្នកឯងជាជំនួសខ្ញុំត្រួតមើលអស់ទាំងអណ្តូងដែលពួកកម្មករជីកមកទាំងប៉ុន្មានរៀបចំតាមប្រភេទរបស់ត្បូង មិនបាច់ទៅធ្វើការធ្ងន់ដូចសព្វដងទេ ក្រែងនាំឲ្យអ្នកជំងឺរើឡើងវិញ
រួចលោកគ្រូពេទ្យ និងហ្លួងរតនសម្បិត្ត នាំគ្នាដើរចុះពីផ្ទះទៅ។
ដោយហេតុនេះនាង នារីយកចិត្តទុកដាក់ថែរក្សាព្យាបាលជំងឺដោយផ្ចិតផ្ចង់ ជំងឺចៅ ចិត្រ ទើបមានអាការៈគ្រាន់បើឡើងជាលំដាប់ហើយនៅទីបំផុតក៏បានសះជាដូចប្រក្រតី ថែមទាំងឥឡូវនេះមិនបាញ់ចេញទៅជីកត្បូងបែកញើសតាងទឹកដូចពីមុនទៀតផងគ្រាន់តែជួយចាត់ចែងធ្វើបញ្ជីត្បូងដែលពួកកម្មករជីកបានមកពីអណ្តូងផ្សេងៗព្រមទាំងបើកប្រាក់ខែឲ្យពួកកម្មករ ទើបនាំឲ្យចៅចិត្របានសេចក្តីសុខឡើងទៀតជាច្រើន សុខទាំងកាយ សុខទាំងចិត្តគឺថាស្រុកបប៉ៃលិនទុកជាត្រាតែដល់នូវវារៈបំផុតនៃជីវិតតិន្រ្ទីយ៍។
ថ្ងៃនេះអាការៈភ្លឺស្រឡះល្អមានខ្យល់បក់រំភើយៗ ល្មមតែត្រជាក់ស្រួលនារីបបួលចៅ ចិត្រចុះទៅអង្គុយនិយាយគ្នាលេងនៅក្នុងសួនច្បារក្រោយផ្ទះស្តាប់សូរស័ព្ទបក្សាបក្សីស្រែកយំតាមភាសារបស់វាជាទីកំសាន្តចិត្តរបស់អ្នកដែលមានមេត្រីស្នេហាដល់គ្នា។ចៅ ចិត្រ និយាយតិចៗកាលឃើញនាងនារីនៅស្ងៀមថា
  ឃុននារី
  នារី ចា៎ះ
នាងញញឹមយ៉ាងទន់ភ្លន់ហើយថា
  នៅជាមួយចិត្រយ៉ាងនេះ នារីមានសេចក្តីសុខយ៉ាងលើសលន់តែម្តង!។
គេញញឹមប៉ប្រៃហើយថា
  មិននឹកនាសោះឡើយថា ទេវតាបប៉ៃលិនប្រោសប្រាណបងដល់ម្លេះទេ
នាងធ្វើជាសំឡក់តាមមាយាស្រ្តីហើយស្រដីថា
  ដឹងថាគេស្រឡាញ់ខ្លួនបន្តិច ក៏តាំងអួតយ៉ាងសំបើមតែម្តងណេ៎ះ។
  ចិត្រចុះស្អប់បងណាស់ឬ អ្វី!
  នារីស្អប់ណាស់ នាងតបចាក់បណ្តោយ។
ចៅ ចិត្រញញឹមប៉ប្រឹមហើយថា
  បើស្អប់បងណាស់ម៉េចក៏មិនទុកចោលឲ្យស្លាប់នៅក្នុងព្រៃទៅ។
នាងបែរមកសំឡក់ហើយថា
  ដោយគេអាណិតបន្តិចទេតើកុំអីត្មាតផ្លុំខ្លុយក្នុងព្រៃនោះទៅហើយ។
ស្ងៀមទាំងអស់គ្នាទៅ១ស្របក់។ ចៅ ចិត្រ ក៏ចាប់និយាយឡើងជាមុនថា
  អើ! ឃុននារី លោកឪពុកបានជ្រាបរឿងរ៉ាវរបស់យើងខ្លះដែរឬនៅឡើយទេ?
  នារី មិនទាន់ជ្រាបទេ
  ចិត្រ បើលោកជ្រាបមុខជាលោកធ្វើទោសបំបរបង់ដូចម្តេចមិនដឹងទេ,បងព្រួយចិត្តណាស់ !
  នារី រឿងនេះខ្ញុំមិនដឹងមិនដល់ទេ ព្រោះលោកមិនដែលឮនិយាយដូចម្តេចសោះឡើយ។
ចៅ ចិត្រ និយាយដោយទឹកមុខស្រពោនថា
  ប្រសិនបើលោកជ្រាបមុខជាដេញបងឲ្យចេញពីផ្ទះនេះមិនខាន។
នារី សំឡក់ដល់ចៅ ចិត្រ ម្តងទៀតហើយថា
 ឆ្ អើមសំដីបងឯងណាស់
  បងចិត្រ, លោកឪពុកមមិនមែនចិត្តអាក្រក់ដល់ម្ល៉ោះទេ លោកចាស់ទុំហើយតែងតែស្គាល់ឫទ្ធិអំណាចសេចក្តីស្នេហាច្បាស់លាស់ជាងក្មេងៗទៅទៀត ។
  ចិត្រ ឯបងជាមនុស្សកំសត់ទុគ៌តឥតទ្រព្យសម្បិត្តទាំងកំព្រីកំព្រាផង មានតែជីវិតនិង រាងកាយប៉ុណ្ណោះ។
  នារី ប៉ុណ្ណឹងក៏ល្មមគ្រាប់គ្រាន់ហើយ
  ចិត្រ គ្រប់គ្រាន់តែចំពោះប្អូននារីប៉ុណ្ណោះ
  នារី ទោះបីលោកឪពុកក៏មិនត្រូវការអ្វីទៀតដែរ
  ចិត្រ ចុះប្អូននារី, ដឹងចិត្តលោកបានឬ ?
  នារី ចា៎ះ ដឹងខ្លះដែរធម្មតាឪពុកនិងកូនដែលនៅជាមួយគ្នាជាយូរអង្វែងមកហើយតែងតែដឹងគ្នាខ្លះមិនខានកំុថាគ្រាន់តែដឹងចិត្តលោកឪពុកម្នាក់ឡើយសូម្បីតែ
  ចិត្តរបស់បង ប្អូននារី ក៏ដឹងទាំងអស់ដែរ ចៅចិត្រនិយាយបញ្ចប់ប្រយោគ។
នារី សំឡក់
  ហើយថាដឹងខ្លួនទេ បងបិុនកុហកលេខមួយ?
  ចិត្រ បងកុហកប្អូនដូចម្តេច? (ធ្វើមុខដូចជាឆ្ងល់ណាស់)
  នារី កុំធ្វើពើឡើយលោកពូកូនសិស្សសាលាវត្ត។
  ចិត្រ ក៏បងរៀនសាលាវត្តមែននេះណា។
  នារី ចុះសាលាវត្ត គេមានរៀនដល់ប្រវត្តិពង្សាវតារលោកភូមិសាស្ត្រ វិទ្យាសាស្ត្រទំនើបថ្មីដែរឬ ?
  ចិត្រ ទេ(ឆ្លើយធ្វើមុខព្រងើយ)។
  នារី នាងផ្ទួនពាក្យថាតែខ្ញុំបានឃើញសៀវភៅអស់នេះនៅក្នុងបន្ទប់របស់បងឯង,ហើយមានសុីញ៉េឈ្មោះបងឯងជាអក្សរបារាំងផង។
ចៅ ចិត្រ មិនឆ្លើយគ្រាន់តែញញឹម។
  នារី បុិនភូតដូចសព្វដង,នេះនែ!បង ចិត្រ! ចុះកាលណាទើបបងឯងចោលនិស្ស័យចចេសរឹងរូសចេញ បើនៅតែកុហកខ្ញុំទៀតខ្ញុំនឹងខឹងច្រើនតែម្តង។
ចៅ ចិត្រខិតចូលទៅកាន់តែជិតហើយថា
  ប្អូន នារីហ៊ានខឹងនឹងសង្សារកំសត់បានឬ ?
  មិនជឿនឹងលមើលក៏បាន នារី អាចនឹងស្អប់ប៉ុនគ្នានឹងស្រឡាញ់ក៏បាន។
ចៅ ចិត្រ សើចយ៉ាងសប្បាយចិត្តហើយថា
  បងក៏ដឹងថាប្អូននារីមិនស្អប់បងទេ។
  នារី ចុះហេតុអី្វ ?
  ចិត្រ ក៏ប្អូននារីប្រាប់ថាស្រឡាញ់បងដែរមែនទេ ?
នារីលូកដៃមួលភ្លៅចៅ ចិត្រទាល់តែស្រែក, ទើបនាយចិត្រ ឱបក្រសោបដៃនារីហើយពោលថា
  ម្តងណេះបងលែងកុហកប្អូនទៀតហើយដ្បិតគ្រប់យ៉ាងគ្រប់ប្រការយើងបានដឹងគ្នាច្បាស់លាស់ហើយ មែនទេប្អូននារី ?
នាងសំឡឹងមើលមុខគេដោយមេត្រីចិត្តហើយផ្លាស់និយាយពីរឿងផ្សេងៗថា
  អើ! បងចិត្រឥឡូវនេះត្បូងរបស់យើងដូចម្តេចខ្លះ ?
  ចៅ ចិត្រ ឆ្លើយថា “ឥឡូវចំរើនឡើងច្រើន អណ្តូងត្បូងទិសខាងកើតជិកបានត្បូងទឹកធម្មតាជាងគ្រាប់ អណ្តូងខាងលិចជីកបានត្បូងទឹកយ៉ាងល្អ ៦ ទៅ ៧គ្រាប់ ឥឡូវត្បូងទាំងអស់របស់យើងមានចំនួនជាង ២០០គ្រាប់ បើគិតទៅតម្លៃប្រមាណជាងមួយហ្មឺនរៀល។
ក្រមំុកំឡោះទាំងពីរ និយាយសំណេះសំណាលសារសងគ្នាទៅវិញទៅមកយ៉ាងក្សេមក្សាន្តសឹងពោរពេញដោយសេចក្តីស្នេហាក្នុងគ្រានោះគេឥតនឹកនា អំពីសេចក្តីលំបាកកក្នុងការចិញ្ចឹមជីវិតបន្តិចឡើយគិតតែសប្បាយរីករាយក្នុងការផ្តេកផ្តិតសម្រួលកាយសម្រួលចិត្តទៅតាមព្រះហឫទ័យនៃព្រះកាមទេពជាម្ចាស់ដែលទ្រង់មានឫទ្ធីជាពន្លឹកលើដួងចិត្តនៃក្រមុំកំឡោះទាំងឡាយក្នុងលោកិយនេះ។
រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)