លុះព្រះអាទិត្យជិតអស្តង្គតទៅ នៅតែមានរស្មីព្រឿងៗឆ្លុះនៅចុងព្រឺក្សាបន្តិចក៏ដល់ពេលព្រលប់យប់ងងឹត ចៅចិត្រ ក៏បង្កាត់ភ្លើង ឱ្យឆេះដង្គោល មានពន្លឺច្រាលរន្ទាល ដើម្បីឱ្យមានពន្លឺផង ដើម្បីការពារសត្វ សាហាវយង់ឃ្នងផង។ ឯនាង នារីអង្គុយ និយាយសន្ទនាចច្រាច់នឹងលោកបាឡាត់ លើកំណាត់ឈើមួយដុំមិនចេះអស់មិនចេះហើយ។ ចំណែកខាងលោកហ្លួងរតនសម្បត្តិ ដោយសេចក្តីនឿយហត់ អស់កម្លាំងពេកក្រោយពេលដែលលោកពិសាក្រយាហើយ ក៏ប្រះសម្រាន្តលក់ក្នុង រថយន្តនោះទៅ។
មុខគួរឱអនិច្ចាដល់ ចៅចិត្រ អុជបារីជក់អង្គុយសំកុកមើលពន្លឺភ្លើងភ្លឺះៗ តែម្នាក់ឯងដែលលើភ្លើងភ្នក់ កំពុងឆេះច្រាលរន្ទាលឯគំនិតចេះតែគិតផ្សេងៗ អណ្តែត អណ្តូងទៅតាមអារម្មណ៍របស់ចិត្តយូរៗដកដង្ហើមធំម្តង ប្រហែលជាចង់ជម្រុះទុក្ខធំដែលកប់នៅក្នុងទ្រូងឱ្យជ្រុះធ្លាក់ទៅខ្លះ។ ការធ្វើយ៉ាងនេះ ជាកិរិយារបស់មនុស្សដែលមានទុកធ្ងន់ក្នុងទ្រូងតែទុក្ខសោកក្រហល់ក្រហាយរបស់កម្លោះៗ ដូចជាចៅចិត្រនេះគង់មិនមានអ្វីក្រៅពីសេចក្តីស្នេហាប្រតិព័ទ្ធចំពោះរូបស្ត្រីក្រមុំណាមួយប៉ុណ្ណោះ ប៉ុន្តែសេចក្តី ស្រឡាញ់របស់ចៅចិត្រនេះខុសខ្ទង់គ្នាឆ្ងាយណាស់ ហាក់ដូចជាឈោងដៃចាប់បេះផ្កាយលើមេឃឥឡូវនេះ ចៅចិត្តទទួលលន់តួថាខ្លួន ចាប់ចិត្តស្នេហាលើរូប នាងនារីដែលជាចៅហ្វាយក្រមុំរបស់ខ្លួនទុកជាមិនសមសក្តិគ្នាយ៉ាងណាក៏ដោយក៏ចៅចិត្រយល់ថាសេចក្តីស្រឡាញ់ ស្នេហារបស់បុរសស្ត្រីក្នុងលោកនេះ មិនមានកម្រិតកំណត់ព្រំប្រទល់ដូចម្តេចឡើយ ដូច្នេះហើយបានជាចៅចិត្រចង់ឈោងចេះផ្កាកុលាបប៉ៃលិននេះ តែមកនឹកគិតថាខ្លួនដៃខ្លីមិនគួរគប្បីប្រវាឱបភ្នំសោះ នឹងនាំឱ្យកើតទុក្ខទោមនស្សក្រៀមក្រំទៅជាស្រឡាញ់បង់ចិត្តឥតប្រយោជន៍ នឹកមកដល់ត្រឹមនេះចៅចិត្រដកដង្ហើមធំម្តងៗ បារីមួយក៏ឆេះអស់ទៅ ហូតបារីមួយទៀតមកជក់អស់ពាក់កណ្តាលឯគំនិតចេះតែគិតទៅៗ យ៉ាងលន្លង់លន្លោចតែម្នាក់ឯង ចំណែកខាងនាងនារីនិយាយសន្ទនាជាមួយនឹងបាឡាត់ស្រុកនោះហាក់ដូចជាត្រូវចិត្តគំនិតគ្នាណាស់។
ចៅចិត្របានឃើញកិរិយាដូច្នេះ ក៏នឹកឥច្ឆាឈ្នានីសលោក បាឡាត់យ៉ាងលើសលន់មើលទៅគេទាំងពីរនាក់ស្រុះស្រួលគ្នាល្អណាាស់ដូចជាគេវេញធ្លុងមួយប្រហែលជាគេស្រឡាញ់គ្នារួចហើយទេដឹង! មែនហើយ!បាឡាត់ នេះគាត់នៅលីវថែមទាំងមានទ្រព្យធនគ្រាន់បើផងហើយរូបឆោមសោតទៀតក៏មិនជាអាក្រក់ប៉ុន្មាននាង នារី គង់ប្រថុយស្រឡាញ់គេរួចទៅហើយចុះចំណែកខាងអញៗ មានសភាពដូចម្តេចទៅ? នាងនារីមានសភាពដូចម្តេច? នៅខ្ទង់ខ្ពស់ទាបជាងគ្នាឆ្ងាយណាស់ បើទុកជានាងនារី នឹកស្រឡាញ់អញដែរក៏គង់មិនហ៊ានប្រថុយទេក្រែងខូចកេរ្តិ៍ឈ្មោះវង្សត្រកូលរបស់នាងព្រោះអាត្មាអញមានឋានៈត្រឹមកម្មករហើយជាកម្មកររបស់នាងទៀតផង គឺអាត្មាអញតូចទាបទាំងបុណ្យសក្តិទាំងទ្រព្យធន ទាំងរបររកសុីដូច្នេះ អាត្មាអញមិនគួរជាប់ចិត្តស្រឡាញ់នាងទេដូចមានពាក្យបុរាណចងក្រងទុកថា “ខ្លួនទាបកំុតោងដៃខ្លីកំុឈោងប្រវាឱបភ្នំ” ឬ ដៃតូចខ្លួនទាប ចង់ឈោងចាប់ផ្កាយចៅចិត្រ គិតមកដល់ត្រង់ណេះ ស្រាប់តែកើតគំនិតមួយជជែកនឹងគំនិតមុនថាធម្មតាសេចក្តីស្នេហាស្រឡាញ់នេះ មិនមានកំរិតជាន់ថ្នាក់អ្វីឡើយប្រុស ស្រីគ្រប់រូបគេអាចស្រឡាញ់គ្នាបានតាមចិត្តស្ម័គ្ររបស់ខ្លួនសេចក្តីសំខាន់បំផុតស្រេចនៅលើម្ចាស់ខ្លួននាងស្រីទេតើ!លុះចៅ ចិត្រគិតដូច្នេះហើយក៏ដកដង្ហើមវែងម្តងដើម្បីឲ្យធូរទ្រូងបន្តិច។
សូរស្បែកជើងតន្ថើនចូលមកជិតចៅ ចិត្រ ក៏ក្រឡេកមើលឃើញ នាង នារីកាន់កាំភ្លើងខ្លីមួយនៅក្នុងដៃមកផងហើយសួរថា
នារី ស្រួលហើយ, ចិត្រ! បើមិនទាន់ងងុយដេកវេលាណា ទៅដាស់លោកបាឡាត់ឲ្យមកនៅចាំយាមជំនួសវិញ។
ចៅ ចិត្រទទួលយកកាំភ្លើងមកហើយក៏សួរទៅនាងវិញថា
ចុះ ឃុននឹងអញ្ជើញទៅសម្រាន្តឥឡូវឬ?
នារី ញាក់មុខហើយថា
ខ្ញុំគិតដេកពីព្រលប់បន្តិចត្បិតអស់កម្លាំងតាំងពីថ្ងៃមកហើយ។
ចិត្រឃុននឹកខ្លាចទេ ការដែលមកស្នាក់ក្នុងព្រៃស្ងាត់ដូច្នេះ?។
នាងញាក់ស្មាម្ខាងថាខ្ញុំក៏នឹកខ្លាចណាស់ដែរ តែមិនសូវជាច្រើនប៉ុន្មានទេ?
ចិត្រ បើដូច្នេះ សូមឃុនមេត្តានៅកំដរខ្ញុំបាទបន្តិចសិនចុះ។
នារី អ្នកឯងខ្លាចណាស់ឬ ចិត្រ?
ចិត្រ សូមទោស, ខ្ញុំបាទមិនខ្លាចណាស់ណាទេប៉ុន្តែខ្លាចក្រែងងុយងក់ជ្រុលដេកលក់ទៅនាំឲ្យខូចការធំ!
នាង នារី នៅតែស្ងៀម ទើបចៅចិត្ររកឧបាយផ្តើមនិយាយឡើងមុនថា
ចុះ ឃុន នឹកទៅផ្ទះដែរឬទេ ?
នារី ខ្ញុំនឹកដល់ផ្ទះច្រើនចិត្រ ! ព្រោះមិនមានចាស់ទុំនៅចាំផ្ទះសោះឡើយ។
ចិត្រព្រឹកស្អែកនេះ គង់តែបានទៅដល់ផ្ទះទាំងអស់គ្នា
ចៅចិត្រនិយាយបន្តិចៗស្ទើរតែមិនឮហើយថា
បើយប់នេះមិនមានរថយន្តឬរទេះមកតាមផ្លូវនេះទេខ្ញុំបាទនឹងក្រោកពីយប់ចេញដើរទៅប្រហែលជាថ្ងៃរសៀលគង់វិលមកទទួលឃុនត្រឡប់ដល់ផ្ទះទាំងអស់គ្នាមិនខាន។
នារីដើរទៅរួចឬ ចិត្រ ? ត្បិតផ្លូវពីទីនេះទៅផ្ទះយើងវាឆ្ងាយក្រែលដែរមិនមែនជិតទេ។
ចិត្រ ទុកជារួចមិនរួចក៏ខ្ញុំបាទត្រូវតែទៅ បើខ្ញុំបាទមិនទៅទេ,មុខតែនាំគ្នាដេកផ្លូវនៅទីព្រៃនេះជាច្រើនយប់ទៅទៀតមិនខានទេ,ឱ! នុ៎ះហ្ន៎! ឃុន,ព្រះច័ន្ទនិងផ្កាយតូចៗ នៅខាងគ្នានោះល្អមើលណាស់ឃុន គាប់ចិត្តនឹងធម្មជាតិនោះដែរឬទេ?ឯខ្ញុំបាទចូលចិត្តណាស់!
នាង នារីសំឡឹងមើលទៅតាមដៃដែលចៅ ចិត្រចង្អុលប្រាប់ព្រមទាំងចិត្តគំនិតក៏រីករាយទៅជាមួយផងឥឡូវនេះនាងបាត់ស្អប់ខ្ពើមចៅចិត្រ ហើយបែរជាមានសេចក្តីពេញចិត្តថែមទៀតផង។ ចៅ ចិត្រជាប្រុសកំឡោះដំបូងដែលធ្វើឲ្យនាងមានចិត្តគំនិតយ៉ាងចំឡែកប្លែកជាងពីមុនមកឯកំឡាំងរបឹងរឹងរូសរបស់នាងក៏ថយខ្សោយចុះទៅជាលំដាប់ឥឡូវចិត្តនាងបែរជាទន់ភ្លន់ល្វន់ល្វៃដូចជាក្រមួនត្រូវកំដៅថ្ងៃ។
ចៅ ចិត្រសំឡឹងមើលដួងចន្រ្ទដោយអាការស្ងាត់ស្ងៀមតែខាងក្នុងចិត្តដូចជាអណ្តែតអណ្តូងយ៉ាងចំឡែកភ្នែកក៏មើលធម្មជាតិដ៏ល្អល្អះនៅខាងមុខហាក់ដូចជាមិនដឹងខ្លួនថានាងនារី ដែលជាកូលាបក្រពុំព្រហ្មចារីនៅក្បែរខ្លួនឡើយ។
កាលនាងឃើញចៅចិត្រ នៅសម្ងំស្ងៀមដូច្នោះហើយឮសូរដកដង្ហើមវែងម្តងៗទើបសួរខ្សឹបៗថា
កើតទុក្ខអ្វី ចិត្រ ?
ចិត្រ បាទ, ខ្ញុំបាទកើតសេចក្តីអផ្សុក
យ៉ាងចំឡែក! នាង នារី ញញឹមបន្តិចៗហើយសួរថា
ចុះម៉េចក៏អផ្សុកនឹកក្រមុំស្រុកសង្កែឬ?
ចៅ ចិត្រ សើចយ៉ាងសោះកក្រោះហើយសួរថា
ស្រុកសង្កែឬឃុន ខ្ញុំបាទឥតនឹកនាបន្តិចឡើយ តាមដោយពិតនោះវាជាស្រុកស្រណុកសប្បាយសម្រាប់អ្នកមានធនធានឯអ្នកទីទ័លក្រដូចជារូបខ្ញុំបាទនេះមិនបានអ្វីនាំឲ្យជាប់ចិត្តបន្តិចឡើយ ។
នារីសើចហើយសួរថា
ចុះស្រុកប៉ៃលិននេះ តាំងពីចិត្រមកនៅតើនាំឲ្យបានសុខកាយសប្បាយចិត្តជាងនៅស្រុកសង្កែឬ?
ចិត្រ បាទ,បប៉ៃលិនឲ្យសេចក្តីសុខដល់ខ្ញុំបាទច្រើនៗដល់ទៅនឹកចង់ផ្ញើឆ្អឹងនៅនឹងស្រុកនេះតែម្តង!
នារី ចុះខណៈនេះអ្នកឯងនឹកនរណាបានជាមានទឹកមុខក្រៀមក្រំខ្លាំងម្លេះ?
កាលនាង នារី ផ្លាស់សព្ទថ្មីពី ចៅចិត្រ មកជាអ្នកដូច្នេះធ្វើឲ្យចៅ ចិត្រក្រឡេកមើលមុខនាង នារីសំឡឹងទាល់តែនាងនារីងាកមុខចេញបែរមើលស្មៅនៅចិញ្ចើមថ្នល់ ។
ចិត្រ៖ ឃុន ប្រើពាក្យថា អ្នក ជំនួស ចិត្រ នោះដូចជាខ្ពស់ពេកសំរាប់ខ្ញុំបាទ, សូមឲ្យ ឃុនមានប្រសាសន៍ដូចមុនល្អជាង !
នារី ស្ងៀមមួយស្របក់ហើយពោលថា
ខ្ញុំគាប់ចិត្តប្រើពាក្យនេះជាងវាមិនខ្ពស់ហួសទេ, ជាពាក្យសុភាពគួរសមហើយ!។
ចៅ ចិត្រនៅស្ងៀមទើបនាង នារី និយាយតទៅទៀតថា
អ្នកឯងមិនទាន់ឆ្លើយពាក្យសួរបស់ខ្ញុំនៅឡើយ ខ្ញុំសួរថានៅបប៉ៃលិនឲ្យសេចក្តីសុខអ្វីដល់អ្នកឯងខ្លះ?
ចិត្រ ឲ្យច្រើនយ៉ាងណាស់ឃុន!
នារី អើ!ចុះអ្វីខ្លះ ?
ចិត្រ ឲ្យមានរបរធ្វើការរកសុីដោយសុចរិត, ធម្មជាតិដ៏ស្រស់បស់គួរជាទីត្រេកត្រអាលខ្យល់អាកាសក៏ល្អ,
សេចក្តីសុខឥស្សរភាពនឹងនារីនឹងអ្វីទៀត ? (នាងឈ្លេចសួរ) ។
ចៅ ចិត្រសំឡឹងមើលមុខនាង ដោយសេចក្តីប៉ុនប៉ងអ្វីមួយនៅខាងក្នុងដួងចិត្តហើយនិយាយខ្សាវៗស្ទើរជាខ្សឹបថា
នឹងសេចក្តីស្នេហា!
នារី សេចក្កីស្នេហា!
នាងផ្ទួនពាក្យឡើងទឹកមុខក្រហមព្រឿងៗ
ចិត្រទានប្រោស,សេចក្តីស្នេហារបស់ខ្ញុំបាទជាសេក្តីស្នេហាដ៏បរិសុទ្ធពិតប្រាកដណាស់ហើយជាស្នេហាដែលផ្តើមកើតឡើងជាដំបូងបង្អស់ក្នុងជីវិតរបស់ខ្ញុំបាទនេះផង។
នាង នារីហាក់ដូចជាដឹងដល់ដួងចិត្តរបស់ចៅ ចិត្រដែរ។តែធ្វើពើជាឥតដឹងឥតយល់អ្វីបន្តិចឡើយហើយសួរតទៅទៀតថា
អ្នកឯងស្រឡាញ់នរណា?
ចិត្រ ខ្ញុំបាទស្រឡាញ់ស្ត្រីម្នាក់
នារី ខ្ញុំដឹងហើយថាស្រឡាញ់ស្រី តែស្រីនោះនៅឯណា ?ឈ្មោះអ្វី? ឬមួយនាង ម៉ាយ៉ុង កូនក្រមំុតា ម៉ង់យ៉ុកមេអណ្តូងត្បូងមួយនៅខាងជើងផ្ទះយើងនោះឬ?
នាងថាហើយសើចយ៉ាងស្រួល។
ចិត្រ ក្រវីក្បាលជំនួសពាក្យតប។
នារី អើ, យ៉ាងចឹងនាងណាអេះឬមួយនាង ព្រហ្មកូនក្រមុំតាសុន?
ចៅ ចិត្រ ក៏គ្រវីក្បាលទៀត ជាសេចក្តីបដិសេធថាមិនមែនទាំងអស់ ។
នាង នារី ញញឹមស្រួលដោយនឹកអស់សំណើចនឹងចៅ ចិត្រហើយថា
អេះ, ប្រហែលជាអាម៉ូយកូន ចឹកសេងលក់ទឹកកកនៅមុខផ្ទះយើងទេដឹង?
ចៅ ចិត្រ គ្រវីកក្បាលទៀតហើយថា ខុសទាំងអស់ស្រី្តដែលខ្ញុំបាទស្រឡាញ់នោះមានថ្នាក់ជាន់ដោយឡែកពីគ្នានឹងខ្ញុំបាទនាងមានឋានៈខ្ពង់ខ្ពស់ជាងខ្ញុំបាទច្រើនទាំងកិត្តិយសទាំងទ្រព្យសម្បិត្តវង្សត្រកូលខ្ពស់ទាល់តែខ្ញុំបាទឈោងតោងទៅមិនដល់ឡើយ ហេតុនេះហើយបានជាខ្ញុំបាទជំរាបថា សេចក្តីស្នេហារបស់ខ្ញុំបាទនេះប្រហែលនឹងការយល់សប្តិនឹងត្រឡប់ទៅជារឿងពិតមិនបានឡើយ។
កាលបើនាងបានឮសំដីចៅ ចិត្រនិយាយយ៉ាងក្រៀមក្រំខ្លោចផ្សាដោយអស់សង្ឃឹមក្នុងចិត្តដូច្នេះហើយ បេះដូងនាងក៏ណែនតានតឹងក្នុងឱរាជាខ្លាំង នាងចង់តែសុំលន់តួប្រាប់ដោយត្រង់ៗថា នាងក៏ស្រឡាញ់ចៅ ចិត្រ ជាខ្លាំងដែរតែអនិច្ចាខ្លួនជាស្រ្តីនិយាយសំដីដូច្នោះសមគួរហើយឬ ? ឯសំដីចៅ ចិត្រគ្រប់ៗម៉ាត់នាងស្តាប់បានទាំងអស់ឥតមានខ្វះកន្លះត្រង់ណាមួយម៉ាត់ត្បិតខ្លួននាងមានវ័យចំរើនធំហើយមិនមែនកូនក្មេងតូចទើបនឹងលែងបៅដោះកាលណា ប៉ុន្តែនេះវារហ័សពេកណាស់ ឱ!ចិត្រអើយ!នឹងបញ្ចេញប្រាប់រួសរាន់ដូចម្តេចបាន,ក្នុងថ្ងៃណាមួយ ចិត្រ គង់បានដឹងថា នារីឥតស្អប់ខ្ពើមទេថែមទាំងមានចិត្តស្នេហាស្រឡាញ់ទៀតផង មិនឥឡូវទេ ជាវេលាយូរថ្ងៃខែមកហើយ ។
ឯភ្លើងភ្នក់ក៏រលត់សូនឈឹងទៅ សូរសព្ទសត្វរៃយំឮលាន់រំពងព្រៃមាន់ក៏មមើរងាវក្នុងរាត្រីស្ងាត់ទឹកសន្សើមក៏ជ្រុះស្រក់ចុះពីស្លឹកឈើមិនដាច់សូរ ហើយមើលឃើញសក្បុសនៅចុងស្មៅខ្យល់ត្រជាក់បក់មកត្រូវរាងកាយ នាំឲ្យរងាខ្លាំងឡើងភ្នំខ្ពស់ត្រដែតនៅខាងមុខត្រង់កណ្តាលពន្លឺដួងចន្ទ្រាទាហាក់ដូចអសុរកាយចាំឃ្លាំរក្សាព្រៃព្រឹក្សាដ៏ស្ងាត់ច្រៀបនោះ។
ចៅ ចិត្រស្ទុះក្រោកឡើងពត់ខ្លួនប្រាណឲ្យរោយស្រពន់ដែលទ្រាំអង្គុយនិយាយមកជាវេលាយូរ ហើយដកដង្ហើមធំ។
ចិត្រ យប់ជ្រៅណាស់ហើយ អញ្ជើញ ឃុន ទៅសម្រាន្តឯរថយន្តជាមួយនឹងលោកឪពុកចុះខ្ញុំបាទនៅចាំយាមសូមកុំព្រួយឲ្យសោះ !
នារី ចុះអ្នកឯងមិនទាន់ងងុយដេកទេឬ?
នាងក្រោកដើរទៅហើយ ងាកមកញញឹមបន្តិច។
ចិត្រ ខ្ញុំបាទមិនទាន់ងងុយទេ,
អញ្ជើញ ឃុនទៅសម្រាន្តចុះកុំបីមានសេចក្តីព្រួយខ្លាចឲ្យសោះ, អ្នកដែលចូលមកធ្វើអន្តរាយដល់ឃុនបាននោះលុះត្រាតែខ្ញុំបាទស្លាប់ទៅជាខ្មោចមុនស្រេចហើយ ខណៈនោះខ្ញុំបាទនឹងយកជីវិតរក្សាការពារអន្តរាយគ្រប់ទិសសូមឲ្យ ឃុន សម្រាន្តជាសុខចុះ។
នារី ងាកបែរទៅរកចៅ ចិត្រ ម្តងទៀតព្រោះបានឮសំឡេងស្រែកហៅដោយសំឡេងភិតភ័យតក្កមា។
ឃើញទេ ឃុន! នុ៎ះហ្ន៎! ពន្លឺភ្លើងអ្វីចំឡែកណាស់!
នាង នារីសំឡឹងមើលតាមដៃដែលគេចង្អុលប្រាប់ ក៏បានឃើញពន្លឺភ្លើងដូច្នោះមែននៅចម្ងាយជាង១គីឡូម៉ែត្រនាងខំសង្កេតមើលទៅកាន់តែឃើញពន្លឺគប់ភ្លើងនោះច្រើនឡើងៗហើយដើរសំដៅចូលមកកាន់តែជិតឡើងៗនាងមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំងញាប់ញ័រអស់សពា៌ង្គកាយព្រោះមិនដឹងជាមានហេតុល្អឬអាក្រក់ដូចម្តេចនាងស្ទុះទៅចាប់ដៃចៅ ចិត្រ ជាប់ដោយមិនដឹងខ្លួនប្រាណបន្តិចសោះ។
ចៅ ចិត្រ ច្រកគ្រាប់កាំភ្លើងរួចស្រេចប្រាប់នាងនារីឲ្យទៅដាស់លោកហ្លួង និង លោក បាឡាត់ឯរថយន្តមួយស្របក់ជនទាំង៣នាក់ត្រឡប់មកវិញព្រមគ្នា ។
លោក ហ្លួង សួរយ៉ាងសស្លើតសស្លក់ថា
កើតអ្វីហ៎ះ ចៅ ចិត្រ?
ចៅ ចិត្រ ចង្អុលទៅពន្លឺភ្លើងដែលកំពុងតែចូលជិតមកៗគ្រប់ៗខណៈហើយថា
ទានប្រោស ! សូមពិនិត្យមើលគប់ភ្លើងនុ៎ះមិនទាន់ដឹងជាអ្វីទេ!ប្រហែលជាពួកចោរទេដឹង?
លោក បាឡាត់ និយាយឡើងមុនគេ។
ប្រហែលជាពួកចោរមែន ប្រហែលជាពួកចោរមែន (ចៅ ចិត្រថាផ្ទួន)។
កាលចៅ ចិត្រ និយាយដូច្នេះហើយហ្លួងរតនសម្បិត្ត និងលោក បាឡាត់ ក៏នាំគ្នាទៅរថយន្តរកបានដែករវៃរថយន្តមួយម្នាក់សម្រាប់ប្រើជាអាវុធបង្ការខ្លួន។ ឯនាង នារីញ័រខ្លួនចំប្រប់ដូចជាកូនសត្វ ឈរនៅក្បែរចៅ ចិត្រៗ ចាប់ដៃនាងជាប់ ហើយប្រាប់ថា
ឃុនកុំតក់ស្លត់ឲ្យសោះធ្វើិចិត្តឲ្យក្លាហានឡើង, ឃុនភ្លេចពាក្យដែលខ្ញុំបានសន្យានឹងឃុនហើយឬ?
នាងមិនតបដូចម្តេចឡើយ, គ្រាន់តែចាប់ដៃជាប់ដោយភ័យស្លន់
ចៅចិត្រប្រុងខ្លួនយ៉ាងអង់អាចរង់ចាំពេលវេលាដែលនឹងមកល់ឥឡូវនេះជាពេលវេលាដែលមិនទាន់ដឹងជាមានហេតុភេទដូចម្តេចកើតឡើងនៅខណៈនោះទេ។
នៅទីបំផុតស្រាប់តែឮសំឡេងស្រែកហ៊ោកងរំពងនាកណ្តាលព្រៃស្ងាត់នាំឲ្យដឹងថា ពួកចោរនោះមានចំនួនច្រើននាក់ហើយឮសូរកាំភ្លើងច្រើនណាស់បាញ់តម្រង់មក មានគ្រាប់កាំភ្លើងខ្លះធ្លាក់នៅខាងមុខចៅចិត្រក៏មាន។
អ្នកទាំង២ គឺលោក ហ្លួង និងលោកបាឡាត់ ថយក្រោយទៅយករថយន្តជាគ្រឿងកំបាំងអន្តរាយ ហ្លួងរតនសម្បិត្តទុកជាចាស់ហើយក៏ពិតមែនតែនៅមានស្មារតីរហ័សវាងវៃណាស់សមជាបុរស។ ឯលោក បាឡាត់សស្លើតសស្លក់ខំលូនចូលទៅនៅខាងក្រោយរថយន្ត ឯនាង នារីមិនព្រមឃ្លាតឆ្ងាយពីចៅ ចិត្រឡើយ នៅតែចាប់ដៃជាប់ស្អិតក្នុងខណៈពេលចៅ ចិត្រអែបបំបាំងខ្លួននឹងដើមស្រឡៅធំ១ដើម។
សូរសំឡេងហ៊ោគឹកកងរំពងនោះ កាន់តែជិតមកៗ។ចៅ ចិត្រខាំធ្មេញយ៉ាងណែនផ្គងកាំភ្លើងប្រុងស្មារតីយ៉ាងអង់អាចត្រៀមខ្លួនចាំតទល់នឹងសត្រូវ ដើម្បីការពារស្ត្រីជាទីស្រឡាញ់ពេញចិត្តរបស់ខ្លួនជីវិតខ្លួននិង អ្នកទាំងអស់គ្នា។
ពួកមហាចោរ ក៏បាញ់កាំភ្លើងគ្រាប់ប្រាយមកបាចសាចដូចជាគ្រាប់ភ្លៀង តែឥតត្រូវរាងកាយនរណាមួយឡើយ ព្រោះទីនោះជាទីងងឹតស្លុបចាក់ភ្នែកពុំយល់ ចំណែកខាងពួកចោរមានគប់ភ្លើងភ្លឺសន្ធោសន្ធៅពេញទាំងព្រៃ ដូច្នេះបានជាគ្រាប់កាំភ្លើង ដែលចៅចិត្របាញ់ទៅគ្មានខុសមួយគ្រាប់ចោរខ្លះបាក់ដៃ,ខ្លះបាក់ជើង,ខ្លះដួលចង្គ្រាងទៅក៏មាន តែគ្រាប់កាំភ្លើងមានតិចពេកបានជាមិនអាចប្រហារចោរដែលមានចំនួនច្រើននោះ ឲ្យមានជ័យជំនះបានឡើយ។
ចៅ ចិត្រខំតស៊ូយ៉ាងក្លាហានដើម្បីការពារជីវិតខ្លួននិងជីវិតស្រ្តីសំឡាញ់របស់ខ្លួនដោយអង់អាចឥតខ្លាចស្លាប់បន្តិចឡើយ។
ហេតុភេទដែលមុខគួរអោយស្ងប់ស្ងែងនេះ នៅមិនទាន់ដឹងជាខាងណាចាញ់ឈ្នះនៅឡើយ ពួកចោរទុកជាត្រូវគ្រាប់ដួលទៅជាច្រើននាក់ហើយក៏ដោយ ក៏ឥតរួញរាថយក្រោយឡើយ មានតែរុកចូលមកថែមកាន់តែច្រើនឡើងៗហើយចូលជិតមកៗ ឥតឈប់ឈរកាន់តែជិតចួនខ្លួនគ្រប់ៗខណៈ។
ចៅ ចិត្រ បែរមកឱប នារី ជាប់ហើយនិយាយខ្សឹបប្រាប់នឹងត្រចៀកថា
គ្រាប់កាំភ្លើងនៅសល់តែមួយគ្រាប់ទេឃុននារី! ខ្ញុំបាទ សូមលន់តួជំរាប ឃុនដោយស្មោះត្រង់ថា ខ្ញុំបាទមានចិត្តស្រឡាញ់ឃុន ក្រៃលែងជាងជីវិតរបស់ខ្ញុំបាទទៅទៀត, ដ្បិតកក្នុងខណៈនេះពេលវេលាកាន់តែជិតដល់ទីបំផុតហើយ ខ្ញុំបាទទ្រាំលាក់យូរទៅទៀតពុំបានព្រោះអវសាននៃជីវិតខ្ញុំបាទកាន់តែចូលទៅជិតដល់ស្រុកខ្មោចហើយឃុននារីខ្ញុំបាទត្រូវតែស្លាប់ក្នុងគ្រានេះហើយ! មើលចុះពួកវាគ្នាច្រើនណាស់!វាគង់មិនទុកជីវិតខ្ញុំបាទឲ្យរស់នៅទេឯគ្រាប់កាំភ្លើង១គ្រាប់ខ្ញុំបាទនឹងចេញតទល់ការពារ ឃុន ដោយយកជីវិតខ្ញុំបាទចេញរងជំនួសសូមឲ្យ ឃុនរត់ទៅពួនចុះខ្ញុំបាទនៅតស៊ូនឹងពួកវា។
ចៅ ចិត្រ សំដែងកិរិយាសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងពន្លឹកហើយសួរបញ្ជាក់ថែមទៀតថា
ស្រឡាញ់បងទេ, នារី។
នារី ចា៎ះ! ស្រឡាញ់ ចិត្រ, ខ្ញុំស្រឡាញ់ចិត្រ របស់នារីតែមួយនេះ ជាបណ្តូលចិត្តរបស់នារី!
នាងនិយាយទាំងទឹកភ្នែកដោយក្តីរីករាយភិតភ័យលាយឡំគ្នាស្ទើរនិយាយមិនចេញ។
ចិត្រ ស្រឡាញ់ខ្ញុំ! ឱបណ្តូលជីវិតរបស់បង!តែប៉ុណ្ណេះបងធ្មេញភ្នែកស្លាប់ជាសុខហើយ ប្អូនមាសព្រលឹង!
នៅវេលាដែល នារី ងាកទៅពួននឹងគល់ស្រឡៅវិញ, ចៅ ចិត្រក៏តម្រង់កាំភ្លើងបាញ់ទល់នឹងពួកចោរ ស្រាប់តែឮសូរស្រែកយ៉ូយឡើងដោយឈឺចាប់យ៉ាងខ្លាំង, ចៅចិត្រយកដៃឱបដើមទ្រូង នារី ឃើញដូច្នោះក៏ញ័ររន្ធត់ទាំងប្រាណ។
ចៅ ចិត្រ ស្រែកប្រាប់
នារីថាខ្ញុំត្រូវគ្រាប់របស់ចោរហើយ ឃុននារី!ស្
រែកថ្ងូរតែក្នុងបំពង់ក ហើយមានឈាមហូរចេញពីខ្លួនក្រហមច្រាលហើយប្រាប់ថា
ឃុននារី កុំនៅ,រត់! រត់ជាប្រញាប់ទើបផុតពីកណ្តាប់ដៃពួកចោរ
នាងទើបតែងើបពីគល់ស្រឡៅ ស្រាប់តែឮសូរបុ័ង!បុ័ង!ជាច្រើនណាត់បាញ់មកទៀតទើបនាងមុជក្បាលពួន នៅគល់ស្រឡៅទៅវិញឯចៅ
ចិត្រក៏ដួលសន្លប់ដេកលើផ្ទៃដីនៅត្រង់កន្លែងនោះឯង។
រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)