រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)
ភាគទី០៣៖ ចៅចិត្រកើតគំនិតថ្មី
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ ភាសិតមួយ បទថា ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ របស់ចៅចិត្រនោះ ជាហេតុធ្វើឲ្យពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកម្លោះនោះជាច្រើនដែរ ។
ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិ អស់វេលា២ខែកន្លងមកហើយនោះ តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចំឡែកក្នុងជីវិតចៅចិត្រ តែដែលចំឡែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រ ដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន ហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។
វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច ហើយនឹកឆ្ងល់តែម្នាក់ឯងថាចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី ម្ល៉េះ ចុះអញជាប់ចិត្តប្រតិព័ទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេក ថែមទាំងយសស័ក្តិក៏ខ្ពង់ខ្ពស់ណាស់ ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឲ្យបាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេ ទុកជាខំទប់ចិត្តមិនឲ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!
ចំណែកខាងនារីក៏ធ្លាប់គិតថា កម្មករថ្មីរបស់នាងនេះ ជាមនុស្សចំឡែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយ និយាយដូចជាគេចោលដឹងទាំងដង ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសំដីទាន់សម័យទៀតផង បានជានាងមិននឹកជឿថា កម្មករកម្លោះនោះបានរៀនសូត្រត្រឹមសាលាជាន់ទាប គ្រាន់តែចេះសរសេរ ចេះមើលប៉ុណ្ណោះទេ ។ ចួនកាលនាងបានឮបុរសកម្លោះនោះ ស្រែកច្រៀងរាយទំនុកតាមការកំសត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន ទើបនាងយល់ថា កម្មករកម្លោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។
នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផែះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកំសាន្តចិត្តជាមួយនឹងស្រីបំរើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយ ដែលចៅចិត្រនៅជាញយៗ ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើង ទើបនាងនាំក្មេងស្រីបំរើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង ទំនុកយុវាភិរម្យយ៉ាងពិរោះចាប់ចិត្តថា៖
ពួកយើងជាគណយុវជន | ស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី |
ចូរយុវសាលាដែលទើបកើតថ្មី | ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។ |
ឲ្យបានចងបាច់ជាក្រុមមិត្រភ័ក្ក្រ | ស្រឡាញ់រួមរ័ក្សជាសមគ្គា |
សាមគ្គីទាំងជាតិយើងផងនានា | មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។ |
គួរជួយអ្នកខ្សត់ឲ្យបានចេញទៅ | ដើរមើលលំនៅសព្វទីភូមិឋាន |
មើលស្រែចំការនឹងច្បារឧទ្យាន | កិច្ចការប៉ុន្មានតោងចងចាំទុក១។ល។......... |
នាងនារីឈរស្ដាប់ទំនុកនោះហើយ ទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ ដើម្បីចាប់អ្នកច្រៀងនោះឲ្យស្គាល់មុខច្បាស់ តើគឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក ស្រមុខគឃរ នៅលើគ្រែក្បែរមាត់បង្អួច ក្រឡេកមើលឆ្វេងមើលស្ដាំ ក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគខេរតែម្នាក់ឯង នាងនឹកឆ្ងល់ណាស់ ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?
វេលានោះ រស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួច នឹងចន្លោះទ្វារ ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹង នៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឲ្យអង្គុយដោយកិរិយាឱនលំទោន ។
អញ្ជើញអង្គុយ ឃុននារី ។
ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ ហើយនិយាយថា៖
ការដែលឃុនអញ្ជើ្មកលេងផ្ទះខ្ញុំបាទនេះ ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ ខ្ពង់ខ្ពស់ !
នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖
អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖
ចុះឃុនអញ្ជើញមកមានការអ្វី ?
នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖
ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
ចៅចិត្រធ្វើភ្នែកឡឹងឡង់ និយាយសួរទៅនាងថា៖
ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
នាងនារីខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា៖
នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
ចិត្រ៖ អេ ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
នារី៖ កុំភូត ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
ចិត្រ៖ បាទ មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
នារីផ្ទួនពាក្យ ។
ចៅចិត្រសើចហើយថា៖
ខ្ញុំបាទជំរាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឲ្យច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង។
នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖
មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ។
ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
នារី៖ឈប់ៗចិត្រ កុំនិយាយថ្លង់ណាស់។
នាងលើកដៃហាម ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖
ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
នាងឆ្លើយយ៉ាងសោះកក្រោះថា
ទៅដេក។
ចិត្រ៖ ឃុន កុំអាលអញ្ជើញទៅ ឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
នារី៖ ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ។
នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន។
ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជានិយាយបបួលដោយស្រួលថា៖
ណ្ហើយឃុន មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះ មើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់ !
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់នាំឲ្យនាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាល ដ៏ដេរដាសទៅដោយពពួកផ្កាយ មានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖
ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
ចៅចិត្រនិយាយដោយសំដីទន់ផ្អែមថា៖
មែនហើយ ! ឃុននារី ! ធម្មជាតិជារបស់ចំឡែកនេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឲ្យបានសុខស្រួល ពន្លឺរស្មីព្រះចន្រ្ទ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើងឲ្យមានអារម្មណ៍រីករាយទៅបានយ៉ាងចំឡែក ។
នាងអង្គុយស្ដាប់សំដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង ក៏គិតថា៖
កម្មកកម្លោះនេះ ជាមនុស្សចំឡែកជាងកម្មករឯទៀតៗរបស់នាង សំដីគ្រប់ៗម៉ាត់របស់កម្មករនេះ ពេញទៅដោយសំនួនវោហារមុខគួរឲ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
នាងនារីស្ងាត់មាត់ទៅមួយស្របក់ ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖
បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសំឡាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ។
ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ។
ចិត្រ៖ អេះ ! ចំឡែកដែរ បើឃុនគ្មានម្ដាយ ឃុនកើតមកដូចម្ដេចបាន ?
នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឲ្យកើតទោសោណា ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
ចៅចិត្រធ្វើមុខស្រពោនហើយថា៖
ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន ព្រោះមានឪពុកបីបាច់រក្សា ចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
ត្រង់នេះ នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖
ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯង នុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន។
នាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !
នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។
ចៅចិត្រសំឡឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖
ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅដំបន់នេះជាប្រាកដ !
អាកាសនៅបប៉ៃលិន តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖
យប់ជ្រៅហើយ ឃុននារី អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឲ្យឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖
កម្មករកម្លោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឲ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ។
តែនាងក៏គិតយល់ថា៖
ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឲ្យគ្រុនរងា ឬផ្ដាសាយបានមែន ។
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖
តាសុន រថយន្តមិនឆេះទេឬ ?
តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជំរាបទៅលោកហ្លួងថា៖
មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាគៀចដូច្នេះទៅ !
ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជំរាបសួរថា៖
ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
លោក ហ្លួងតបទៅថា៖
ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឲ្យទៅសោះ ចៅចិត្រ !
នាងនារីសំឡឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
នាងសួរដោយសេចក្ដីព្រួយ ។
ចិត្រ៖ សុំឲ្យខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖
ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឲ្យរវៃម្ដងទៀត ។
តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
ពូកែគ្រាន់បើ អ្នកក្មួយអញ !
លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជំរាបទៅលោកហ្លួងថា៖
ទានប្រោស មិនបានរៀនឯណាទេ គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
ហើយចាប់ចបលើកលីលើស្មា ។
ឯតាសុន បានឮសំដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជំរាបសុំច្បាប់លោកហ្លួងថា៖
ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឲ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ។
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖
ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
ចៅចិត្របែរទៅមើលតាសុន ឃើញសំដែងអាការអង្វរ ទើបចៅចិត្រជំរាបទៅលោកហ្លួងថា៖
ខ្ញុំបាទបរជូនបាន ទានប្រោស។
តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
អរគុណអ្នកក្មួយណាស់ សូមអ្នកក្មួយសំឡាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតន សម្បត្តិដើរចេញទៅ។
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។
ចៅចិត្រសួរដោយកិរិយា សុភាពថា៖
ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង ចិត្រកាន់យកទៅផងណា។
ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដង សោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឲ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។
នារីបង្គាប់៖ ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឲ្យធាត់ៗបន្តិច ។
ចៅចិត្រនិយាយសុំខ្លួនថា៖ សូមកុំប្រើឲ្យខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖ តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
នារី៖មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យ។
ចិត្រ៖ សុំឲ្យឃុនតថ្លៃទិញខ្លួនឯងចុះ។
នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឲ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
នារី៖ ម៉េច ? គ្រាន់តែឲ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឲ្យគេធ្វើតាមបាន ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅខឹងខ្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។ ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទំលាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។ នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖
យី ! គាត់នេះ ក្លែងទំលាក់អីវ៉ាន់លើក្បាលអញឬ ?
ចៅចិត្រឆ្លើយឡើងថា៖ សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
នារី៖ ប្រយ័ត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។
នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកម្លោះមួយនាក់ មុខវែងពាក់មួកស ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។ នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ។
ហ្លួងរតនសម្បត្តិនិយាយថា៖
យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្ដាលផ្លូវ។
នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះឡើងមកលើរថហើយសួរថា៖
លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
ចៅចិត្រត្អូញរង៉ូវនៅតែក្នុងបំពង់ក បុរសកម្លោះនេះឬជាបាឡាត់ស្រុកៗសង្កែ រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !
ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ហើយ៖
ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ។
ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី ចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឲ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។
ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សំឡឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖
សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
នាងនារីងាកដម្រង់ខ្លួនហើយបន្ទោសថា៖
ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
ចៅចិត្រឆ្លើយភ្លាមថា៖
បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ។
<> ចិត្រ កុំក្លាហានពេកប្រយ័ត្នពាក្យសំដីបន្តិច។
ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។
ចៅចិត្របែរទៅលោកហ្លួងហើយជំរាបថា៖
សូមអត់ទោស ទានប្រោស ប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឲ្យងាកទៅជង្ហុកទេ កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឲ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត។
លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ ហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសំឡឹងសំឡក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។
រថក៏បរតទៅទៀតដូចធម្មតា តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?
លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើល ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ ក៏ចុះពីរថទៅសួរចៅចិត្រថា៖
ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជំរាបទៅលោកហ្លួងថា៖
ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
នារី៖ ម្ដងនេះស្រេច។
ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន។
លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖
គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !
ចៅចិត្រឆ្លើយខ្លីៗថា៖
ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ។
លោក បាឡាត់ ខាំមាត់ហើយថា៖
បើគាត់ឯងមិនបរឲ្យធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឲ្យធ្លាក់ជង្ហុកឬអី ?
បាឡាត់៖ ផ្លូវមានគគាច ម៉េចក៏គាត់ឯងមិនបរឲ្យត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឲ្យធ្លាក់ជង្ហុក ?
ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឲ្យវាធ្លាក់ជង្ហុកទេ។
បាឡាត់៖ តោងប្រយ័ត្នសំដីបន្តិចគាត់ឯង។
ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសំដីគួរសមណាស់ហើយទានប្រោស។
បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
ចៅចិត្រសើចចំអកបន្តិចហើយថា៖
ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ។
ហ្លួងរតនសម្បត្តិនឹករំខាន នឹងសំដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖
ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
នាងងាកមកចៅចិត្រសួរថា៖
ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន។
តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។
ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជំរាបថា៖
យើងតោងរង់ចាំនៅទីនេះ ទំរាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ។
លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
លោក ហ្លួងញាក់មុខហើយថា៖
កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
នាងនារីគ្រវីក្បាលហើយថា៖
ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ។
ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសំឡឹងចំមុខ ហើយសួរថា៖
គាត់ឯងសើចអី !
ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ។
ចិត្រ ៖ បានជាខ្ញុំបាទសើច ពីព្រោះសត្វនោះមានជើងដល់ទៅបួន នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
នាងមិនឆ្លើយតបទៅ គ្រាន់តែសំឡឹងសំឡក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ ប៉ុន្តែនាងធ្លាប់សំដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្ត្រីបើមិនសំដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ គ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះ ។
ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកម្លោះនេះចំឡែកជាងកូនឈ្នួលដទៃៗទៀត ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសំដីមិនចេះក្រែងចិត្តអ្នកណាទេ តែចេះនិយាយសមហេតុសមផល ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!
លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖
ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកម្លោះនោះម្ល៉េះ ?
នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
បាឡាត់៖ ខ្ញុំបានឃើញនឹងភ្នែក បានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វា ម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឲ្យមែនទែនចុះ។
នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់។
លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ។
នារី៖ ចា៎ះ វាទើបនឹងមកនៅមែន ប្រហែលជាងពីរខែប៉ុណ្ណឹង ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថា ជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី។
និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ ស្រែកហៅនាងនារី ហើយប្រាប់ថា៖
នារីកូន ចាត់ចែងដាំបាយទឹកទៅ ឪពុកនឹកឃ្លានបាយណាស់ហើយ ឲ្យចៅចិត្រជួយរកឧសភ្លើងផង។
ចៅចិត្រចូលមកជិតហើយសួរថា៖
ឃុននឹងឲ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង។
នាងបង្គាប់ទៅលោក បាឡាត់ថា៖
លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង។
កម្លោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ ហើយដាក់តំរៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
ឃុននឹងឲ្យខ្ញុំបាទធ្វើអីទៀត។
ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។
នារី៖ ចៀនត្រីឆាសាច់គោ នឹងសណ្ដែកទ្រើង អើ ! យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក។
ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឲ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
នាងដកដង្ហើមធំហើយប្រាប់ថា៖
អើ នេះប្រុសកំលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឲ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ សំរាប់យកមកចៀនឆាប៉ុណ្ណោះ។
ចៅចិត្រញញឹមហើយថា៖
ប៉ុណ្ណឹងទេឬ ?
ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖
បែបនេះបានឬទេ ?
តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។
លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។
នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើង ទាល់តែផែះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឲ្យឈប់បក់ ។
ចិត្រ៖ ហ្នឹងឃុនគិតពិសាតែសាច់ទទេ មិនដាំបាយទេឬ ?
ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
នាងនិយាយហើយសំឡឹងមុខចៅចិត្រ ទំនងសូមឲ្យជួយគិតគូរផង ។
ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖
បែបនេះប្រើបានទេ ឃុន ?
នាងនារីញញឹមទទួលម្ដងទៀត ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថា នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចំឡែកណាស់ !
នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។
នាងតបទៅដោយសំដីធម្មតា ។
នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន។
ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឲ្យនាងនារី ។
លោក ហ្លួង លាន់សំដីពីក្នុងរថយន្តមកថា៖
ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន។
ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !
ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ៕
រឿង៖ កុលាបប៉ៃលិន (៧ភាគ)
01. ជីវិតរបស់ក្មេងកំព្រា 02. ការធ្វើដំណើរទៅប៉ៃលិន 03. ចៅចិត្រកើតគំនិតថ្មី 04. ចោរកម្មកើតឡើងនាកណ្តាលព្រៃស្ងាត់ 05. សេចក្តីស្នេហាកើតក្រោយឧប្បត្តិហេតុ 06. គេហដ្ឋានរតនសម្បត្តិត្រូវចោរប្លន់ 07. អវសាន(ចប់)